សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បើកសិក្ខាសលា ស្ដីពីច្បាប់ដល់ក្រុមការងារ PDF Print E-mail
Sunday, 03 July 2011 22:28

សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ហៅកាត់ថា KKKHRDA ដែលមានទីស្នាក់ការ ឋិតនៅក្នុងសហគមន៍ បុរីព្រៃនគរ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកសិក្ខាសាលា មួយមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ ដោយសិក្សាទៅលើ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ច្បាប់ភូមិបាល និងច្បាប់សញ្ញាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការជំនួយឧបត្ថម្ភពីអង្គការ Diakona នៅកម្ពុជា និងមានលោក ទ្រី ហ៊ង ទីប្រឹក្សាផ្នែកច្បាប់ នៃអង្គការ Diakonia និង អង្គការ Forumsyd Cambodia ជាគ្រូបណ្ដុះបណ្ដាល។

វគ្គសិក្ខាសាលានេះមានការចូលរួមពីក្រុមការងាររបស់ KKKHRDA ចំនួន២៣រូប នៃបណ្ដាញសហគមន៍ចំនួន៦គឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តបាត់ដំបង និងទីក្រុងភ្នំពេញ។ ក្រៅពីនោះ ក៏មានការចូលរួមពីគណៈកម្មការស្នូល នៃបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម មួយចំនួនផងដែរ។


លោក សឺន ជុំជួន មន្ដ្រីសម្របសម្រួល នៃសមាគម KKKHRDA បានមានប្រសាសន៍ថា ដោយសារការយល់ដឹងផ្នែកច្បាប់ នៃក្រុមការងាររបស់លោក នៅមានកម្រឹតទាប ដូច្នេះ ការបើកវគ្គបណ្ដុះដណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់ពួកគេបន្ថែមទៀត សម្រាប់ជួយប្រជាពលរដ្ឋ នៅក្នុងបណ្ដាសហគមន៍នីមួយៗ “ចឹងយើងជឿជាក់ថាថ្ងៃក្រោយ ទាំងបុគ្គលិករបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ទាំងបុគ្គលិក ដែលបម្រើការនៅក្នុងកម្មវិធី បណ្ដាញយុវជនខ្មែរកម្ពុជាក្រោមហ្នឹង  នៅពេលដែលចុះធ្វើការជាមួយពួកគាត់ហ្នឹង យើងអាច នឹងចែករំលែក បទពិសោធន៍ហ្នឹង ទៅដល់ពួកគាត់ ហើយជួយចូលរួមសម្របសម្រួល នៅពេលដែលមានបញ្ហា ដែលមានទំនាស់កើតឡើងនៅក្នុងសហគមន៍”។
លោក នួន រី មកពីខេត្តបាត់ដំបងបានមានប្រសាសន៍ថា លោកបានធ្វើការជាមួយ KKKHRDA មានរយៈពេលជាងដប់ឆ្នាំមកហើយ ហើយលោកបានជួបប្រទះបញ្ហា របស់ខ្មែរកម្ពុជាក្រោម ជាច្រើនដូចជា បញ្ហាអត្តសញ្ញាណបណ្ណ បញ្ហាដីធ្លី អំពើហិង្សាក្នុងគ្រួសារ ជាដើម។
រីឯលោក ឌី វណ្ណថន មកពីខេត្តកណ្ដាលបានលើកឡើងពីបញ្ហាអត្តសញ្ញាណបណ្ណ ដែលអាជ្ញាធរមូលដ្ឋាន មិនព្រមអនុញ្ញាត ឲ្យខ្មែរកម្ពុជាក្រោម ប្រើប្រាស់ទីលំនៅ នៅស្រុកកំណើតរបស់ខ្លួន នៅកម្ពុជាក្រោមនោះទេ។ លោកក៏បានប្រសាសន៍ថា ការចូលរួមសិក្ខាសាលានេះ ដើម្បីជួយប្រជាពលរដ្ឋ ក្នុងពេលមានបញ្ហា។
លោក ភួង សុខា មកពីខេត្តស្វាយរៀង បានឲ្យដឹងថា ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួននៅទីនោះ មិនទាន់យល់ដឹងច្បាស់ អំពីគោលបំណងរបស់សមាគម KKKHRDA នៅឡើយទេ។
ចំណែកឯលោក ចន្ទ សុខ ជាសមាជិកក្រុមប្រឹក្សាឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅខេត្តក្រចេះរស់នៅដាច់ឆ្ងាយពីគ្នា លំបាកក្នុងការទំនាក់ទំនងគ្នា និងជួយគ្នាទៅវិញទៅមក “យើងយកទៅផ្សព្វផ្សាយ ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋយើង ជាពិសេសបងប្អូនខ្មែរកម្ពុជាក្រោម ដែលគាត់មិនយល់ច្បាប់អំពីច្បាប់ព្រហ្មទណ្ឌ ច្បាប់ភូមិបាល និងសញ្ជាតិហ្នឹង។ ហើយទី២ ដើម្បីការពារគាត់ដែលងាយរងគ្រោះ ដែលគាត់មិនសូវបានចេះច្បាប់ហ្នឹង ដែលអាជ្ញាធរដែនដី សមត្ថកិច្ចរំលោភមកលើគាត់”។
រីឯលោក យឹម យ៉ាត មកពីខេត្តកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹងថា បញ្ហាជាចំបងរបស់ប្រជាពលរដ្ឋ ខ្មែរកម្ពុជាក្រោមនៅទីនោះ គឺគ្មានដីស្រែចំការ សម្រាប់ប្រកបមុខរបររកស៊ីឡើយ ហើយការមកចូលរួមវគ្គសិក្ខាសាលានេះ ដើម្បីយកចំណេះដឹង ជួយប្រជាពលរដ្ឋក្រីក្រ ក្នុងការស្វែងរកដីធ្លី ប្រប្រាស់ស្របច្បាប់។
ដោយឡែកកញ្ញា ផន ឈុនលី ជំនួយការកម្មវិធី នៃសមាគម KKKHRDA និងជាគណៈកម្មការស្នូល នៃបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម ដែលបានចុះជួប ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមផ្ទាល់ នាងបានលើកបញ្ហាជាច្រើនដូច្នេះថា “សហគមន៍មិនសូវមានការសាមគ្គី ការនេសាទខុសច្បាប់ គ្រឿងញៀន ករណីក្មេងទំនើង ចា៎! ហើយមានបញ្ហាជាច្រើនទៀត ជាពិសេស បើនៅខេត្តកំពង់ស្ពឺ គឺបញ្ហាដីធ្លីជាមួយក្រុមហ៊ុន។ ហើយប្រជាពលរដ្ឋ នៅចាងខេត្តបាត់ដំបង ខេត្តកណ្ដាល ខ្មែរកម្ពុជាក្រោមហ្នឹងគាត់រស់នៅលើសំណង់ ទំនប់អាណាធិបតេយ្យរបស់រដ្ឋ។ ចឹងគាត់ប្រឈមមុខខ្ពស់ នៅពេលដែលថ្ងៃក្រោយ ពេលដែលគាត់ចេញទៅ គាត់មិនមានអីសម្រាប់សំអាងដើម្បីបញ្ជាក់ ព្រោះគាត់អត់ទាន់មានអត្តសញ្ញាណប័ណ្ណទេ។ ប្រជាពលរដ្ឋនៅដំបន់ហ្នឹង គាត់អត់មានអត្តសញ្ញាណប័ណ្ណ ចឹងកាលណាដែលគាត់ចេញពីអាងទំនប់ហ្នឹងទៅ មិនដឹងថាគាត់មានអីជាសំអាងទៀតទេ ហើយសមាគមយើង កំពុងតែធ្វើអន្តរាគមន៍ ទៅលើផ្នែកហ្នឹងដែរ”  កញ្ញា ផន ឈុនលី តាំងចិត្តថា យកចំណេះដឹងផ្នែកច្បាប់នេះ ទៅអនុវត្តការងា រឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ថ្លែងក្នុងកិច្ចបិទអង្គសិក្ខាសាលានោះដែរ លោក យ៉ា ណេត មន្ដ្រីកម្មវិធីនៃអង្គការ Diakonia សំដែងការលើកទឹកចិត្តដល់ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ក្នុងការស្វែងរកជំនួយពីអង្គការ Diakonia ទៅលើកម្មវិធីចំនួន៣គឺ ច្បាប់ តស៊ូមតិ និងយែបឌឺរ ដែលជាកម្មវិធីចំបងរបស់លោក។


ដោយ ៖ គឹម បុរី UKKBS

 

 


Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday425
mod_vvisit_counterYesterday1164
mod_vvisit_counterThis week1589
mod_vvisit_counterLast week11465
mod_vvisit_counterThis month46781
mod_vvisit_counterLast month52782
mod_vvisit_counterAll days962598

Today: 29​​ Jul , 2014
We have 69 guests online

Find Us on Facebook

Facebook Image

[JoomLaVision] Video

Joomla Templates and Joomla Extensions by JoomlaVision.Com