អ្នកមានទេព្យកោសលពិសេសតាំងពីពេលដែលអ្នកបានចាប់កំណើតមកម្ល៉េះ។ ទេព្យកោ សល្យទាំងនេះមានដូចជា ចេះច្រៀង ចេះសរសេរ ចេះបង្រៀន ចេះគូររូបភាព ចេះការពារខ្លួនឯង និងកសាងមិត្តភាព។ អ្នកមានអ្វីដែលពិសេសសម្រាប់ពិភពលោកយើងនេះ វាគឺជាសមត្ថភាពដែលអ្នកអាចធ្វើអ្វីបានល្អជាងមនុស្សមួយម៉ឺនអ្នកផ្សេងទៀត។ អ្នកត្រូវតែស្វែងយល់ជានិច្ច ហើយសាកល្បងការងារច្រើនមុខដើម្បីបង្កើត ឬស្វែងរកឱ្យឃើញឱ្យអស់នូវ ទេព្យកោសល្យពិសេសដែលខ្លួនមាន។ ពិភពលោកនេះពិតជាត្រូវការអ្នក។ តែត្រូវចងចាំថា បើទោះជាទេព្យកោសល្យនោះពិសេសយ៉ាងណាក៏ដោយ ក៏គង់នឹងសាបរលាបទៅវិញដែរ បើសិនជាអ្នកមិនព្យាយាមប្រើប្រាស់វាឱ្យបានច្រើនឱ្យដូចជាការជូតដុសខាត់វាទេនោះ។ ចូរសង្វាតរក្សាទេព្យកោសល្យរបស់អ្នក ហើយកែឆ្នៃវាឱ្យទាន់នឹងសម័យកាលជានិច្ច។
គេមិនហៅវាថាជាទេព្យកោសល្យពិសេសទេ បើសិនជាអ្នកមិនប្រើវាទេនោះ។ ស្វែងរកវិធីប្រើទេព្យកោសល្យពិសេសរបស់អ្នកដើម្បីបង្កើតគោលដៅ ហើយសម្រេចគោលដៅនោះ ឱ្យបានយ៉ាងជោគជ័យ។ ទន្ទឹមគ្នានោះដែរ អ្នកត្រូវតែទទួលស្គាល់ទេព្យកោសល្យពិសេសនោះ ហើយព្យាយាមផ្តល់សេរីភាពដល់ខ្លួនឯងក្នុងការប្រើវាឱ្យបានប្រយោជន៍ខ្ពស់អតិបរមា ។ គួរចងចាំថាទេព្យកោសល្យពិសេសមិនអាចត្រូវបានផ្លាស់ប្តូរ ឬផ្ទេរទៅឱ្យអ្នកដទៃបានឡើយ ។ មិនមែនមានទេព្យកោសល្យលើវិស័យអ្វីមួយ មានន័យថាអ្នកអាចមានទេព្យកោ សល្យលើគ្រប់វិស័យដែលអ្នកព្យាយាមធ្វើនោះឡើយ។ អ្នកវិនិយោគដីធ្លីដ៏ជោគជ័យ អាចបរាជ័យកំរិតសូន្យនៅពេលដែលគាត់ទៅបើកភោជនីយដ្ឋាន។
អាស្រ័យហេតុនេះ ចូរផ្តោតទៅលើទេព្យកោសល្យពិសេសរបស់អ្នកឱ្យបានខ្លាំងក្លាបំផុត ហើយកុំលះបង់ទេព្យកោសល្យពិសេសនោះចោលដោយពុំមានហេតុផលចាំបាច់ឱ្យសោះ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤៥)