ស្លាប់ខ្លួនព្រោះតែចចេសរឹងរូស

ឧរាទិយជាតក

          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះអង្គសម្តែងជាតកដើម្បីទូន្មានទុព្វចភិក្ខុ ( ភិក្ខុដែលមិនស្តាប់ការទូន្មាន ) ឲ្យឃើញពីទុក្ខទោសនៃការមិនជឿពាក្យទូន្មានរបស់គ្រូបាអាចារ្យ ដែលដំណាលថា ៖

កាលកន្លងទៅ តថាគតកើតជាស្តេចប្រើស គ្រប់គ្រងបរិវារនៅជិតក្រុងពារាណសី លុះថ្ងៃមួយ នាងប្រើសខរាទិយា ដែលជាប្អូនបានយកកូនរបស់នាងមកផ្ញើនឹងស្តេចប្រើសបងដើម្បីបានរៀនពីវិជ្ជាគេចរំដោះខ្លួន ។ ស្តេចប្រើសក៏ព្រមទទួលឲ្យរៀនជាមួយ។ នៅពេលឃើញប្រើសញីជាម្តាយត្រឡប់ទៅវិញ កូនប្រើសកំលោះគិតតែពីដើរលេង មិនយកចិត្តទុកដាក់រៀនសូត្រ និងមិនស្តាប់ការប្រៀនប្រដៅរបស់ស្តេចប្រើសអ្វីសោះឡើយ។ ថ្ងៃមួយកូនប្រើសបានចេញទៅរត់លេងនៅជាយព្រៃ តែដោយមិនប្រយ័ត្ន វាក៏ភ្លាត់ស្នៀតទៅជាប់អន្ទាក់ព្រាន ហើយក៏ពន្លឺសម្រែករំពងព្រៃដោយក្តីឈឺចាប់។ នាងប្រើសជាម្តាយ គ្រាន់តែឮ សម្រែករបស់កូនពីចម្ងាយ ក៏ស្ទុះប្រញាប់ប្រញាល់មកជួបស្តេចប្រើសជាបង ដើម្បីសួរនាំពីកូនរបស់ខ្លួនដោយក្តីព្រួយបារម្ភ… “តើបងបានបង្រៀនវិជ្ជាគេចរំដោះខ្លួនដល់ក្មួយហើយឬនៅ?”

ស្តេចប្រើសក៏ឆ្លើយថា “តើឲ្យយើងបង្រៀនវាដូចម្តេចទៅ បើកូនរបស់ឯងវាមិនដែលស្តាប់ការទូន្មានរបស់យើងផងនោះ? មិនត្រឹមតែប៉ុណ្ណោះទេ អ្វីផ្សេង ៗ ទៀតក៏វាមិនរៀនដែរ! មើលទៅវាប្រហែលជាត្រូវបញ្ចប់ជីវិតក្នុងគ្រានេះហើយ!

ទីបំផុត ប្រើសកំលោះក៏អស់ជីវិតក្នុងគ្រានោះទៅ។

កាលក្រោយមក ប្រើសក្បាលរឹងមួយនោះកើតជាភិក្ខុដែលមិនស្តាប់ការទូន្មាននេះ ឯស្តេចប្រើសនោះ គឺតថាគត។

 

អ្នកដែលធ្វើខ្លួនឲ្យទៅជាមនុស្សពិបាកបង្រៀន

ច្រើនតែនាំហាយនភាពមកដល់ខ្លួន។

 

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៣៤ គឹម ចាន់ណា)

Leave a Reply

Your email address will not be published.