ស្តេចសុនខជួយដល់បរិវារ

កុក្កុរជាតក

            កាលគ្រាព្រះសម្មាសម្ពុទ្ធគង់នៅវត្តវេឡុវ័ន ព្រះអង្គបានសម្តែងជាតកដល់ព្រះរាជវង្សានុវង្សទាំងអស់ដើម្បី ទូន្មានឲ្យធ្វើខ្លួនកើតជាប្រយោជន៍ដល់អ្នកដទៃដែលមានតំណាលថា ៖

កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជ្យនៅក្រុងពារាណសី ព្រះអង្គតែងគង់លើព្រះរាជរថ យាងទតសួនឧទ្យាន។ ពេលព្រះអង្គយាងត្រឡប់មកវិញ ទ្រង់ក៏ចតរាជរថនៅទីធ្លាមួយដែលនៅពេលនោះ សុនខ ដែលព្រះអង្គចិញ្ចឹមបាននាំគ្នាមកខាំហែកស្បែកព្រ័ត្រដែលហ៊ុមព័ទ្ធរាជរថឲ្យខូចខ្ទេចខ្ទីគ្មានសល់។

លុះព្រឹកឡើង នៅពេលដែលព្រះអង្គជ្រាបថាស្បែកព្រ័ត្រហ៊ុមព្រះតរាជរថត្រូវសុនខខាំហែកអស់ដូច្នេះ ព្រះអង្គកើតក្តីព្រះពិរោធជាខ្លាំង ហើយក៏ចេញបញ្ជាឲ្យគេចាប់សុនខនៅក្នុងនគរទាំងមូលមកដាក់ទោស ដោយមិនបានសួររកហេតុផលអ្វីទាំងអស់ និងជាហេតុនាំមកនូវក្តីអន្តរាយដល់សុនខដទៃទៀតទូទាំងនគរ។ គ្រានោះ តថាគត ដែលកើតជាស្តេចសុនខអាស្រ័យនៅនឹងប៉ាឆា យល់ឃើញថា បើព្រះអង្គមិនព្រមរកមធ្យោបាយអ្វីមួយទេ សុនខទាំងឡាយនឹងត្រូវស្លាប់អស់ជាមិនខាន។ ពេលនោះស្តេចសុនខក៏អធិដ្ឋានក្នុងចិត្តថា “សូមកុំឲ្យមានគេមករំខានយើងឲ្យសោះ ពេលយើងចូលគាល់ព្រះរាជា…”

គ្រាន់តែអធិដ្ឋានចប់ភ្លាម ស្តេចសុនខ ក៏រត់ប្រុយសំដៅចូលក្នុងព្រះរាជវាំងទៅរកព្រះរាជា។ ពេលបានចូលគាល់ព្រះអង្គហើយ ស្តេចសុនខក៏ទូលទៅព្រះរាជាថា “នៅក្នុងវាំងមានអ្នកយាមច្រើនខ្លាំងណាស់ក្រាបទូល! សុនខ នៅខាងក្រៅពិតជាមិនអាចចូលមកខាំស្បែកព្រ័ត្រហ៊ុមព្រះរាជរថព្រះអង្គបានទេ… ទូលព្រះបង្គំមានវិធីមួយ… សូម ព្រះអង្គសាកល្បងយកស្បូវ និងផ្កាផ្គរលាន់ឲ្យពួកសុនខដែលនៅក្នុងព្រះរាជវាំងស៊ីសាកលមើលក្រាបទូល! ពេលនោះព្រះអង្គពិតជានឹងដឹងច្បាស់ថាតើសុនខមួយណាជាអ្នកស៊ីព្រ័ត្រនោះហើយ!”

ក្រោយមក ព្រះរាជាក៏ធ្វើតាមសម្តីរបស់ស្តេចសុនខ។ ពេលនោះ សុនខដែលនៅក្នុងរាជវាំងក៏ក្អួតចេញស្បែកព្រ័ត្រហ៊ុមព្រះរាជរថមកទាំងអស់។ ព្រះអង្គឃើញដូច្នោះក៏កើតមានការខ្មាសអៀនដែលខ្លួនឯងប្រញាប់សន្និដ្ឋានរឿងអ្វីមួយលឿនពេក ដោយមិនបានត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ជាមុន ទើបទ្រង់ក៏សុំអភ័យទោសពីពួកសុនខក្រៅវាំងទាំងឡាយនោះ ហើយចាប់តាំងពីពេលនោះមក ព្រះអង្គក៏តាំងនៅក្នុងទសពិតរជធម៌រហូតតទៅ។

កាលក្រោយមក ព្រះបាទព្រហ្មទត្តកើតជាអានន្ទ បរិវារសុនខកើតជាពុទ្ធបរិស័ទ រីឯស្តេចសុនខនោះគឺអង្គតថាគត។

សូម្បីតែសត្វក៏ចេះជួយបំពេញប្រយោជន៍ដល់អ្នកដទៃផងដែរ។

Leave a Reply

Your email address will not be published.