សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ចែកអាហារូបករណ៍លើកទី៧

នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីចែកអាហារូបករណ៍ ដល់សមណនិស្សិតនិងនិស្សិតក្រីក្រលើកទី៧ មានចំនួន៣២ អង្គនិងនាក់។ នៅសាលាគណរាជធានីភ្នំពេញ នាវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជា ព្រះគ្រូសូត្រស្តាំវត្តបទុមវតី។

សមាសភាពចូលរួមទាំងអស់មានព្រះមេ គណរាជធានីភ្នំពេញ ព្រះគ្រួសូត្រឆ្វេង ស៊ន គឹម សៀន ព្រះគ្រួ ង៉ែត រ៉ាល់ អនុប្រធានការកសង្ឃវត្តបទុបវតី ប្រធានបណ្តាសមាគមខ្មែរកម្ពុជាក្រោមនានា ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក ប្រធានបណ្តាការិយាល័យ ប្រធានតំណាងតំបន់នានា សមាជិក សមាជិកា សប្បុរសជន និងលោក ស៊ឺន ចែងចើន ជាអ្នកសារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម, អ្នកសារព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា, ព្រមទាំងមានកូនសិស្សនៅកុដិ១៧វត្តបទុមវតី មកពីកុដិ១៣ វត្តមហាមន្រ្តី កុដិ៤៦ វត្តឧណ្ណាលោម កុដិ១៩ វត្តនាគវ័ន និងវត្តអង្គពោធិញ្ញាណ ចូលរួមសរុបទាំងអស់ជិត១២០ អង្គនិងនាក់។

ពិធីនេះចាប់ផ្តើមពីម៉ោង ៧:៣០ដល់ម៉ោង ១០:១៥នាទីព្រឹក ដែលដឹកនាំពិធីដោយព្រះតេជ ព្រះគុណ ឡុង សារៈ ជាសមាជិកនៃសម្ព័ន្ធសមណ និស្សិត-និសនិស្សិតខ្មែរកម្ពុជាក្រោម ព្រះអង្គបានដឹកនាំកម្មវិធីជាហូរហែ ទៅតាមរបៀបវារៈដែលបានកំណត់។ កិច្ចស្វាគមន៍ បើកកម្មវិធីដោយ លោក សឺន សែត ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងនោះព្រះប្រធាន សឺន  សុផារិន្ទ បានធ្វើរបាយការណ៍សង្ខេបអំពីការផ្ដល់អាហារូបករណ៍ ដល់សមណនិស្សិត និងនិស្សិតក្រីក្រទាំងនៅក្នុងនិងក្រៅប្រទេស។ ព្រះអង្គបានលើកឡើងអំពីការបញ្ជូនសមណនិស្សិតទៅសិក្សានៅបរទេស រួមមានបញ្ជូនទៅបន្តការសិក្សានៅប្រទេសថៃ តាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៦ បាន១០លើក ហើយ សរុបមានចំនួន ១០១ព្រះអង្គ និងបញ្ជូនទៅសិក្សានៅប្រទេសឥណ្ឌា២ព្រះអង្គផងដែរ។ ចំណែកការផ្តល់អារូបករណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាវិញ បានចំនួន៧លើក  គឺចាប់តាំងពីឆ្នាំ២០១០ដល់២០១៦នេះ សរុបទាំងអស់បាន ១២៤ អង្គនិងនាក់។ ក្រៅពីការផ្ដល់អាហារូបករណ៍នេះ ព្រះអង្គបានលើកឡើងថា នៅពេលប្រារព្ធពិធីចែក អាហារូបករណ៍ម្ដងៗ ក៏បានជូនសិក្ខូបករណ៍ដល់សិស្សានុសិស្ស ដែលជាកូនចៅខ្មែរកម្ពុជាក្រោមបានមកស្នាក់នៅក្នុងវត្តជាមួយព្រះសង្ឃ និងមកតាមឪពុកម្ដាយមករកស៊ី នៅភ្នំពេញជាច្រើនកន្លែងផ្សេងៗទៀត។ មុននឹងបញ្ចប់របាយការណ៍ ព្រះប្រធានបានថ្លែងអំណរព្រះគុណនិងអរគុណដល់សប្បុរសជនទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភជាថវិកានិងសម្ភារប្រើប្រាស់ដល់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា ក្រោម សម្រាប់ជួយអាហារូបករណ៍ដល់សមណនិស្សិត និស្សិត និងសិស្សានុសិស្ស ដែលកំពុងមានការខ្វះខាតក្នុងការសិក្សា និងបានធ្វើការអំពាវនាវដល់ម្ចាស់ជំនួយទាំងអស់ ឲ្យបន្តជួយផ្តល់អាហារូបករណ៍តទៅទៀតសម្រាប់ឆ្នាំក្រោយ ៗ។

ព្រះតេជព្រះគុណ ថាច់ ស្នាល់ ហេរញ្ញិក បានអាននូវប្រាក់ឧបត្ថម្ភតាមរយៈព្រះតេជព្រះ គុណ   យឿង តារា សមាជិក ក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដោយព្រះអង្គបាននិមន្តទៅទស្សនកិច្ចនៅឯសហរដ្ឋអាមេរិក, ប្រាក់ឧបត្ថម្ភដែលបានមកតាមរយៈលោកបង យាង    សុធារិន្ទ,  ប្រាក់ឧបត្ថម្ភដែលបានមកពីប្រទេសនូវែលសេឡង់ (New Zealand), ប្រាក់ឧបត្ថម្ភដែលបានមកតាមរយៈភិក្ខុ សោណ ធារី ប្រទេសបារាំង, ប្រាក់ឧបត្ថម្ភដែលបានមកតាមរយៈឯកឧត្តម ថាច់ សេដ្ឋា, និងប្រាក់ឧបត្ថម្ភដែលសប្បុរសជននៅព្រះរាជាណាចក្រកម្ពុជា។

ព្រះតេជព្រះគុណ មាស វិចិត្រ សហប្រ ធានការិយាល័យទ្រទ្រង់ នឹងបច្ចុប្បន្នជាសមណនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យបៀល ប្រាយ ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ហើយក៏ជាបេក្ខជនទទួលអាហារូបករណ៍ចំនួន៤ឆ្នាំបន្តបន្ទាប់ បានធ្វើការចំណាប់អារម្មណ៍ តំណាងឲ្យសមណនិស្សិតនិងនិស្សិតដែលទទួលអាហារូបករណ៍ទាំងអស់អង្គនិងនាក់ ព្រះអង្គបានមានសង្ឃដីកា សំដែងការរីករាយសប្បាយចិត្ត ដែលបានទួលអាហារូបករណ៍ ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមរយៈពេល៤ឆ្នាំ ជាប់ៗគ្នា គឺចាប់តាំងពីឆ្នាំ២០១២ដល់ឆ្នាំនេះ។ ព្រះអង្គថ្លែងបន្តទៀតថាអាហារូបករណ៍នេះ គឺពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ព្រះអង្គដែលកំពុងសិក្សា ហើយមានការខ្វះខាត ព្រោះវាបានជួយដោះស្រាយបញ្ហាបង់ថ្លៃសិក្សារបស់ព្រះអង្គបានច្រើនទោះជាមិនបានមួយរយភាគរយក៏ដោយ  ហើយព្រះអង្គក៏បានប្ដេជ្ញាចិត្ត ថានឹងខិតខំសិក្សាឲ្យបានល្អ និងធ្វើខ្លួនឲ្យក្លាយជាមនុស្សល្អ ជាកូនល្អ ជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គមជាតិមិនឲ្យម្ចាស់សប្បុរសជនខកចិត្តឡើយ។ ជាចុងក្រោយ ព្រះអង្គក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានប្រគេន និងជូនអាហារូបករណ៍នេះ។

លោក សួគ៌ វិបុល ជាសប្បុរសជនប្រគេនអាហារូបករណ៍ប្រចាំមួយរូប បានធ្វើការចំណាប់អារម្មណ៍តំណាងឲ្យសប្បុរសជន ដោយបានលើក ឡើងថា លោកសប្បាយរីករាយណាស់ដែលបានឃើញសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមរៀបចំពិធីចែកអាហារូបករណ៍ឆ្នាំនេះបានច្រើនអង្គនិងនាក់ជាងឆ្នាំមុនៗ ក្នុងនាមលោកជាអ្នកឧបត្ថម្ភអាហារូបករណ៍ម្នាក់ដែរនោះ លោកសំដែងនូវក្ដីសង្ឃឹមថា ទាំងសមណនិស្សិត និងនិស្សិត ដែលបានទទួលអាហារូបករណ៍នៅពេលនេះនឹងខិតខំសិក្សារៀនសូត្រឱ្យបានល្អ ហើយលោកបានតាំងចិត្តបន្តឧបត្ថម្ភតទៀតទៅអនាគត ដោយមិនគិតចង់បានផលប្រយោជន៍ដល់គាត់ឡើយ គឺសំខាន់ សមណនិស្សិត និស្សិតទាំងអស់   ពេលបញ្ចប់ការសិក្សាហើយអាចជួយខ្លួនឯង និងសង្គមជាតិយើងឱ្យបានរីកចម្រើនវាជាការប្រសើរ ណាស់ទៅហើយ។

បន្ទាប់មកព្រះអធិបតី បានធ្វើការចំណាប់អារម្មណ៍ថា ព្រះអង្គមានព្រះទ័យរីករាយ ដែលបាន និមន្តចូលរួមក្នុងកម្មវិធីនេះជាលើកទី៤ ហើយព្រះអង្គសូមកោតសរសើរដល់ថ្នាក់ដឹកនាំរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានធ្វើការរួមគ្នា ចេះជួយគ្នាបានល្អ ជាពិសេសបានខិតខំស្វែងរកនូវអាហារូបករណ៍ដ៏ច្រើនជួយដល់សមណនិស្សិត និស្សិត និងសិស្សានុសិស្សក្រីក្រដែលកំពុងសិក្សារៀនសូត្រ។ ព្រះអង្គក៏បានផ្ដល់នូវឱវាទដល់ថ្នាក់ដឹកនាំ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសមណនិស្សិត និងនិស្សិតទទួលអាហារូបករណ៍ ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានល្អ និងត្រូវពង្រឹងនូវការសាមគ្គីគ្នានេះឲ្យកាន់តែខ្លាំងទៀត ដើម្បីកសាងសង្គមជាតិយើងឲ្យបានរីកចម្រើន ជាពិសេសព្រះអង្គបានលើកឡើងនូវដំណើរទស្សនកិច្ចនៅកម្ពុជាក្រោម ដែលធ្វើឱ្យព្រះអង្គមានការចាប់អារម្មណ៍យ៉ាងខ្លាំងនូវទឹកដីកម្ពុជាក្រោម ដែលមានវត្តអារាម បានសាងឡើងរាប់ពាន់ឆ្នាំមកហើយ ដែលជាកេរវប្បធម៏របស់ខ្មែរយើង ដោយព្រះអង្គលើកថាយើងមានការសោកស្តាយណាស់ចំពោះការបាត់បង់នូវទឹកដីនេះ ដូច្នេះសូមឲ្យយើងចេះសាមគ្គីគ្នាដើម្បីការពារនូវទឹកដីដែលសេសសល់កុំឲ្យបាត់បង់តទៅទៀត។ ជាចុងក្រោយព្រះអង្គបានកោតសរ សើរ និងប្រគេនជូនពរដល់ម្ចាស់ឧបត្ថម្ភអាហារូបករណ៍ទាំងអស់ បានជួយឧបត្ថម្ភព្រះសង្ឃ និងនិស្សិតបានបន្តការសិក្សារៀនសូត្រ ព្រមទាំងបាន អំពាវនាវដល់ព្រះសង្ឃនិងសប្បុរសជនទាំងនៅក្នុង និងក្រៅប្រ ទេសបន្តជួយឧបត្ថម្ភអាហារូបករណ៍ ដល់ព្រះសង្ឃ និងនិស្សិតតាមរយៈសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមតទៅទៀត។

បន្ទាប់មកប្រកាសឈ្មោះបេក្ខជនទាំង៣២អង្គ និងនាក់ដោយព្រះតេជគុណ ថាច់ ចន្ទសុធីរ៍ ព្រះគ្រូសូត្រស្តាំវត្តអង្គពោធិញាណជា  សហការីការិយាល័យវប្បធម៌។ បេក្ខជនទាំង៣២អង្គនិងនាក់ ដែលត្រូវទទួលអាហារូបករណ៍ មានឈ្មោះ ដូចខាងក្រោមគឺ៖

១. ព្រះតេជព្រះគុណ សូរ សាវង្ស

២. សាមណេរ ស៊ីម វុត្ថា

៣. ព្រះតេជព្រះគុណ ថាច់ តី

៤. ព្រះតេជព្រះគុណ ពៅ សុកឿ

៥. ព្រះតេជព្រះគុណ ឌឿង វិជ័យ

៦. ព្រះតេជព្រះគុណ សុខ សំរិទ្ធ

៧.ព្រះតេជព្រះគុណ យឿន សុខ យ៉ឹង

៨. ព្រះតេជព្រះគុណ មាស វិចិត្រ

៩. ព្រះតេជព្រះគុណ យ៉ន រតនា

១០. ព្រះតេជព្រះគុណ រិន្ទ ភិរម្យ

១១. ព្រះតេជព្រះគុណ ហួង សាយណ្ហ

១២. ព្រះតេជព្រះគុណ ជា ឆលីហ៊ាង

១៣. ព្រះតេជព្រះគុណ កៅ ហាយ

១៤. ព្រះតេជព្រះគុណ ពៅ កុសល

១៥. ព្រះតេជព្រះគុណ សឺន យុង

១៦. ព្រះតេជព្រះគុណ ថាច់ រ៉ុង

១៧. ព្រះតេជព្រះគុណ សង សាហ្មន

១៨. ព្រះតេជព្រះគុណ ថាន សុថៀវ

១៩. សាមណេរ គឹម ចាន់ឌី

២០. ព្រះតេជព្រះគុណ បឿង រតនា

២១. ព្រះតេជព្រះគុណ ថាច់ ស្នាល

២២. ព្រះតេជព្រះគុណ ឡាត់ រដ្ឋា

២៣. ព្រះតេជព្រះគុណ ចៅ គឹមស៊ឹន

២៤. ព្រះតេជព្រះគុណ ថាច់ លីផា

២៥. ព្រះតេជព្រះគុណ យឿង វ៉ាំងផាក់

២៦. អន្ទិត ស៊ឺម សុមន្ថា

២៧. កញ្ញា សាំង សុភាព

២៨. អន្ទិត គឹម យ៉ត

២៩. ប្អូន ជ័យ សុភក្រ្តា

៣០. កញ្ញា ហេង ណាគ្រី

៣១. ប្អូន ជួ សំណាង

៣២. ប្អូន គឹម សំណាង

បន្ទាប់មកទៀតប្រកាសប្រគេន និងជូនលិខិតបញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាលផ្នែកកិច្ច ការរដ្ឋបាលនិងលេខាធិការ ហើយនឹងជូនប័ណ្ណសរសើរដល់ក្រុមប្រឹក្សាភិបាល រួចជូនប័ណ្ណថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភ អាហារូបករណ៍។

របៀបវារៈចុងក្រោយនៃកម្មវិធី គណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រគេនវត្ថុអនុស្សាវរីយ៍ដល់ព្រះអធិបតី ព្រះគ្រូសូត្រឆ្វេង ព្រះអនុប្រធានការកសង្ឃ និងបណ្តាសមាគមខ្មែរកម្ពុជាក្រោមនានា ដែលបាននិមន្ត និងអញ្ជើញចូលរួម។ រួចព្រះប្រធានបានប្រកាសបិទកម្មវិធី និងសូត្រធម៌ផ្សាយមេត្តាដល់សព្វសត្វដោយព្រះអធិបតីជាកិច្ចបញ្ចប់កម្មវិធី។

ក្រោយពេលបញ្ចប់កម្មវិធី គណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃនិងអ្នកចូលរួម ហើយនឹងបានប្រគេនបច្ច័យបួនដល់ព្រះសង្ឃសម្រាប់មធ្យោបាយធ្វើដំណើរ៕ដោយៈ UKKBS

 

 

 

Leave a Reply

Your email address will not be published.