សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ចែកអាហារូបករណ៍លើកទី៦ ឆ្នាំ២០១៥

ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០១៥      សម្ព័ន្ធសមណ​និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីចែកអាហារូបករណ៍ ដល់សមណ-និស្សិត និងនិស្សិតក្រីក្រលើកទី៦ បានចំនួន ២៤ អង្គនិងនាក់។ ស្ថិតនៅសាលាគណរាជធានីភ្នំ-  ពេញនាវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព        ព្រះញាណវង្ស  ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំវត្តបទុមវតី។ សមាសភាពចូលរួមមាន ព្រះមេគណរាជធានីភ្នំពេញ ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក ប្រធានការិយាល័យនានា ប្រធានតំណាងតំបន់នានា សមាជិក សមាជិកា សប្បុរសជន និងលោក  ចែងចើន ជាអ្នកសារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជា ក្រោម ព្រមទាំងមានកូនសិស្សនៅកុដិ១៧ វត្តបទុមវតី ពីកុដិ១៣ វត្តមហាមន្រ្តី វត្តអង្គពោធិញ្ញាណ កុដិ៤៦ វត្តឧណ្ណាលោមមកចូលរួម សរុបទាំងអស់ជិត១០០ អង្គនិងនាក់។

ពិធីនេះចាប់ផ្តើមពីម៉ោង ៧:៣០ដល់ម៉ោង ១០:១៥នាទីព្រឹក ដឹកនាំពិធីដោយ ព្រះតេជព្រះ -គុណ ថាច់ ច័ន្ទសុធីរ៍ ជាសហការីការិយាល័យវប្បធម៌    នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរ   កម្ពុជាក្រោម ព្រះអង្គបានដឹកនាំកម្មវិធីជាហូរហែ ទៅតាមរបៀបវារៈដែលបានកំណត់។ ធ្វើកិច្ចស្វាគមន៍ បើកកម្មវិធីដោយ ភិក្ខុ កៀង សនប្រសិទ្ធិ  អគ្គលេខាធិការ នៃសម្ព័ន្ធសមណ-​និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងនោះព្រះ ប្រធាន យឿង តារា បានធ្វើរបាយការណ៍សង្ខេបពីការផ្ដល់អាហារូបករណ៍ ដល់សមណនិស្សិត និងនិស្សិតទាំងនៅក្នុងនិងក្រៅប្រទេស។ ព្រះអង្គបានលើកឡើងពីការបញ្ជូន សមណនិស្សិតទៅសិក្សានៅបរទេស រួមមានបញ្ជូនទៅបន្តការសិក្សានៅប្រទេសថៃ តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៥នេះ បាន៩លើកជាបន្តបន្ទាប់ សរុបមានចំនួន៨៩អង្គ ដោយឡែកឆ្នាំ២០១២ បញ្ជូនទៅប្រទេសឥណ្ឌា១អង្គ ចំណែកការផ្តល់អាហារូបករណ៍នៅព្រះរាជាណាចក្រកម្ពុជាវិញ បានចំនួន៦លើកជាបន្តបន្ទាប់ គឺចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ២០១៥នេះ សរុបទាំងអស់បាន ៩៤ អង្គនិងនាក់។ ក្រៅពីការផ្ដល់អាហារូបករណ៍នេះ ព្រះអង្គបានលើកឡើងថា នៅពេលប្រារព្ធពិធីចែកអាហារូបករណ៍ម្ដងៗ ក៏បានជូនគ្រឿងសិក្ខូបករណ៍ដល់សិស្សានុ- សិស្ស ដែលជាកូនចៅខ្មែរកម្ពុជាក្រោម ស្នាក់នៅវត្តជា មួយព្រះសង្ឃ និងមកតាមឪពុកម្ដាយមករកស៊ីនៅភ្នំពេញដែរ។ មុននឹងបញ្ចប់របាយការណ៍ ព្រះប្រធានបានថ្លែងអំណរព្រះគុណ និងអរគុណដល់សប្បុរសជនទាំងអស់ទាំងនៅក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារប្រើប្រាស់ដល់សម្ព័ន្ធសមណ​និស្សិត-និស្សិតខ្មែរកម្ពុជាក្រោមសម្រាប់ជួយជាអាហារូបករណ៍ ដល់សមណនិស្សិត និស្សិត និងសិស្សានុសិស្ស ដែលកំពុងមានការខ្វះខាតក្នុងការសិក្សា និងបានធ្វើការអំពាវនាវដល់ម្ចាស់ជំនួយទាំងអស់     ឲ្យបន្តជួយ  អាហារូបករណ៍នេះបន្តទៅទៀតនៅឆ្នាំខាងមុខ។

ព្រះតេជព្រះគុណ ពៅ សុកឿ ហេរញ្ញិក បានអានឈ្មោះសប្បុរសជនទាំងនៅក្នុងនិងក្រៅ ប្រទេសឧបត្ថម្ភអាហារូបករណ៍ និង ការទ្រទ្រង់    សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា​ក្រោម ឆ្នាំ២០១៥ ដោយព្រះអង្គលើកឡើងថា ប្រាក់ដែលបានមកពីសប្បុរសជននោះ គឺបានចាត់ចែងបញ្ជូនព្រះសង្ឃទៅបន្តការសិក្សា នៅប្រទេសថៃបាន៩អង្គ និងអាហារូបករណ៍នៅស្រុកខ្មែរបាន២៤អង្គនិងនាក់ ព្រមទាំងបាននៅសល់ប្រាក់មួយចំណែកសម្រាប់ធ្វើការបន្តទៅមុខទៀត ជាចុងក្រោយព្រះអង្គ ក៏បានថ្លែងអំណរគុណជាភាសាអង់គ្លេសដល់សប្បុរសជន នៅប្រទេសសិង្ហបូរីផងដែរ។

លោក គឹម នេត្រសេដ្ឋា ជាសប្បុរសជនមួយរូប បានធ្វើការចំណាប់អារម្មណ៍តំណាងឲ្យ សប្បុរសជន ដោយបានលើកឡើងថា លោកសប្បាយរីករាយណាស់ ដែលបានឃើញសម្ព័ន្ធ-សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រៀបចំពិធីចែកអាហារូបករណ៍ឆ្នាំនេះ បានច្រើនអង្គនិងនាក់ជាងឆ្នាំមុនៗ ក្នុងនាមលោកជាអ្នកឧបត្ថម្ភ   អាហារូបករណ៍ម្នាក់ដែរនោះ លោកសំដែងនូវក្ដីសង្ឃឹមថា ទាំងសមណនិស្សិត និងនិស្សិត ដែលបានទទួលអាហារូបករណ៍នៅពេលនេះនឹងខិតខំសិក្សារៀនសូត្រឱ្យបានល្អ ហើយលោកបានតាំងចិត្តបន្តឧបត្ថម្ភជាបន្តទៀតទៅអនាគត។

ព្រះតេជព្រះគុណ សោណ ធារី  ជាសហ-ប្រធានការិយាល័យទ្រទ្រង់ នៃសម្ព័ន្ធសមណ-និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅប្រទេស    កម្ពុជា បច្ចុប្បន្នជាសមណនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ហើយក៏ជាបេក្ខជនទទួលអាហារូបករណ៍ ៤ ឆ្នាំ បន្តបន្ទាប់ ព្រះអង្គបានធ្វើការចំណាប់អារម្មណ៍ និង ប្តតេជ្ញាចិត្តតំណាងសមណនិស្សិតនិងនិស្សិត ដែលបានទទួលអាហារូបករណ៍ទាំងអស់អង្គ និងនាក់ ព្រះអង្គបានមានសង្ឃដីកា សំដែងការរីករាយសប្បាយចិត្ត ដែលបានទទួលអាហារូបករណ៍ ពី  សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម     រយៈពេល៤ឆ្នាំជាប់ៗគ្នា គឺចាបពីឆ្នាំ២០១២ ដល់ឆ្នាំនេះ ព្រះអង្គថ្លែងបន្តទៀតថា    អាហារូបករណ៍នេះ ពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ព្រះអង្គដែលកំពុងសិក្សា ហើយមានការខ្វះខាត ព្រោះវាបានជួយដោះស្រាយបញ្ហាបង់ថ្លៃសិក្សារបស់ព្រះអង្គបានច្រើន ទោះជាមិនបានមួយរយភាគរយក៏ដោយ  ហើយព្រះអង្គក៏បានប្ដេជ្ញាចិត្តថា នឹងខិតខំសិក្សាឲ្យបានល្អ និងធ្វើខ្លួនឲ្យក្លាយជាមនុស្សល្អ ជាកូនល្អ ជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គមជាតិមិនឲ្យម្ចាស់សប្បុរសជនខកចិត្តឡើយ។ ជាចុងក្រោយ ព្រះអង្គក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានប្រគេន និងជូនអាហារូបករណ៍នេះ។

លោក សឺន សែត  ប្រធានក្រុមប្រឹក្សាភិ- បាល ធ្វើការចំណាប់អារម្មណ៍ថា លោកសប្បាយ ចិត្តណាស់ ដែលឃើញគណៈកម្មការ គ្រប់ជាន់ថ្នាក់បានខិតខំបំពេញការងារ ជាពិសេសស្វែងរកអាហារូបកណ៍បានច្រើនជាងគេ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ហើយបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ជាមួយសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងបានថ្លែងអំណរព្រះគុណចំពោះ ព្រះញាណវង្ស  ឃឹម សន  ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំវត្តបទុមវតី ដែលព្រះអង្គបានផ្តល់នូវកន្លែងដ៏ល្អសម្រាប់ប្រារព្ធកម្មវិធីនេះ និងមានព្រះទ័យសណ្តោសប្រណីបានចូលរួមជាព្រះអធិបតីផង។

បន្ទាប់មកព្រះអធិបតី បានធ្វើការចំណាប់អារម្មណ៍ថា ព្រះអង្គមានព្រះទ័យរីករាយដែលបាន និមន្តចូលរួមក្នុងកម្មវិធីនេះ ហើយព្រះអង្គសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានធ្វើការរួមគ្នា ចេះជួយគ្នាបានល្អ ជាពិសេសបានខិតខំស្វេងរកនូវអាហារូបករណ៍ដ៏ច្រើន ជួយដល់សមណនិស្សិត និស្សិត និងសិស្សានុសិស្សក្រីក្រដែលកំពុងសិក្សារៀនសូត្រ។ ព្រះអង្គបានផ្ដល់ឱវាទដល់ថ្នាក់ដឹកនាំ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និង សមណនិស្សិត និងនិស្សិតដែលទទួលអាហារូបករណ៍ ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានល្អ និង ត្រូវពង្រឹងនូវការសាមគ្គីគ្នានេះឲ្យកាន់តែខ្លាំងទៀត ដើម្បីកសាងសង្គមជាតិយើងឲ្យបានរីកចម្រើន ព្រះអង្គបានលើកនូវឥទ្ធិ បាទធម៌៤យ៉ាង ឆន្ទៈ វិរយៈ ចិត្ត និង វិមំសា មកពន្យល់ផងដែរ។ ជាចុងក្រោយព្រះអង្គបានកោតសរសើរ និង ប្រគេនជូនពរដល់ម្ចាស់ឧបត្ថម្ភ      អាហារូបករណ៍ទាំអស់ បានជួយឧបត្ថម្ភព្រះសង្ឃ និងនិស្សិតបានបន្តការសិក្សារៀនសូត្រ ព្រមទាំងបានអំពាវនាវដល់ព្រះសង្ឃ និងសប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេស បន្តជួយឧបត្ថម្ភអាហារូប-ករណ៍ដល់ព្រះសង្ឃ និង និស្សិត តាមរយៈសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមតទៅទៀត ព្រះអង្គក៏បានឧបត្ថម្ភ សម្រាប់ទ្រទ្រង់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ទឹកប្រាក់ចំនួន$២៥០។

បន្ទាប់ពីការប្រកាសឈ្មោះបេក្ខជនទាំង២៤ អង្គនិងនាក់ ដោយលោក កៃ ចាន់សុធា ប្រធានការិយាល័យសិក្សាមក ព្រះអង្គ  សឺន      សុផារិន្ទ បានហៅឈ្មោះសមណនិស្សិត និស្សិត និងសិស្សានុសិស្ស អ្នកទទួលអាហារូបករណ៍ សិក្ខូបករណ៍ ឈ្មោះអ្នកផ្តល់នូវអាហារូបករណ៍ មានដូចជា ព្រះអធិបតីប្រគេន ៤ ព្រះអង្គ ព្រះប្រធានប្រគេនមួយព្រះអង្គ អនុប្រធានប្រគេនមួយព្រះអង្គ ជាលំដាប់លំដោយតទៅ។ បេក្ខជនទាំង ២៤ អង្គនិងនាក់ ដែលត្រូវទទួលអាហារូបករណ៍ មានឈ្មោះដូចខាងក្រោមគឺ៖

១. ព្រះតេជព្រះគុណ ឡុងសារៈ

២. ព្រះតេជព្រះគុណ សោណ ធារី

៣. ព្រះតេជព្រះគុណ កៅ ហាយ

៤. ព្រះតេជព្រះគុណ មាស វិចិត្រ

៥. ព្រះតេជព្រះគុណ ជា ឆលីហៀង

៦. ព្រះតេជព្រះគុណ ឡុង សារ៉ន

៧.ព្រះតេជព្រះគុណ សួន សូនី

៨. ព្រះតេជព្រះគុណ ឌឿង វិជ័យ

៩. ព្រះតេជព្រះគុណ សុខ សំរឹទ្ធ

១០. ព្រះតេជព្រះគុណ យ៉ន រតនា

១១. ព្រះតេជព្រះគុណ យឿន សុខ យ៉ឹង

១២. ព្រះតេជព្រះគុណ ហួង សាយណ្ហ

១៣. ព្រះតេជព្រះគុណ ពៅ សុកឿ

១៤. ព្រះតេជព្រះគុណ ពៅ កុសល

១៥. ព្រះតេជព្រះគុណ ថាន សុថៀវ

១៦. ព្រះតេជព្រះគុណ ស៊ឹម សុមន្ថា

១៧. ព្រះតេជព្រះគុណ សង សាហ្មន

១៨. ព្រះតេជព្រះគុណ សូរ សាវង្ស

១៩. សាមណេរ​ ស៊ីម វុត្ថា

២០. អន្ទិត គិម យ៉ត

២១. ប្អូន ថាច់ សុភត្តិ

២២.​ ប្អូនប្រុស ស៊ី ស័ក្តបូរិន

២៣. កញ្ញា កៀង សុចន្ធី

២៤. កញ្ញា សាំង សុភាព

បន្ទាប់មកទៀតព្រះប្រធានបានជូនប័ណ្ណអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភ អាហារូបករណ៍។

របៀបវារៈចុងក្រោយនៃកម្មវិធី គណៈកម្ម-ការ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា-ក្រោម និង បានប្រគេនវត្ថុអនុស្សាវរីយ៍ដល់ព្រះ-អធិបតី នូវវត្ថុអនុស្សាវរីយយ៍នោះ គឺរូបថតពុទ្ធ-សាសនបណ្ឌិត្យរងមួយស៊ុំ ដោយមានសរសេរ អក្សរថា  “ក្រុមសមាគមសិក្សាវិទ្យាល័យខេមរ-ជាតិនៅដែនដីកូសាំងស៊ីន ឬហៅថា ពុទ្ធសាសនបណ្ឌិត្យរង នៅខេត្តឃ្លាំង កម្ពុជាក្រោម” ។ រួចព្រះប្រធានបានប្រកាសបិទកម្មវិធី និងសូត្រធម៌ផ្សាយមេត្តាដល់សព្វសត្វជាកិច្ចបញ្ចប់កម្មវិធី។

ក្រោយពេលបញ្ចប់កម្មវិធី គណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក៏ បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងអ្នកចូលរួម ហើយប្រគេនបច្ច័យបួនដល់ព្រះសង្ឃផងដែរ៕

ដោយៈ UKKBS

 

 

Leave a Reply

Your email address will not be published.