សន្សំបញ្ញា ជួយការពារជីវិត

តិបល្លត្ថមិគជាតក

          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តពទ្រ្ទិការាម  នាក្រុងកោសម្ពី  ទ្រង់សរសើរព្រះរាហុល ដែលជាមនុស្សស្រឡាញ់ការសិក្សា ទើបព្រះអង្គលើកជាតកមកតំណាល មានសេចក្តីថា ៖

កាលកន្លងទៅ តថាគតកើតជាស្តេចប្រើសដែលមានបរិវារយ៉ាងច្រើន ។ កាលគ្រាមួយនាងប្រើសដែលត្រូវជាប្អូនស្រី បានយកកូនមកផ្ញើដើម្បីបានរៀនសូត្របំពេញវិជ្ជាការពារជីវិត។ ប្រើសដែលត្រូវជាក្មួយបានខិតខំព្យា យាមរៀនសូត្រ និងស្តាប់តាមឱវាទ ដំបូន្មានរបស់ស្តេចប្រើសគ្រប់ប្រការ។ លុះថ្ងៃមួយប្រើសកំលោះចេញទៅរកស៊ីនៅឯជាយព្រៃដោយមិនបានប្រយ័ត្ន ខ្លួនក៏ភ្លាត់ជើងធ្លាក់ចុះចូលក្នុងអន្ទាក់របស់នាយព្រាន ហើយស្រែកលាន់កងរំពងពេញព្រៃដោយក្តីឈឺចាប់។ ប្រើសជាមាតា ពេលបានឮសូរសម្រែករបស់កូនដូច្នោះ ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅរកស្តេចប្រើសដើម្បីសុំការជួយសង្គ្រោះ។ ស្តេចប្រើសបានពោលថា “មិនបាច់បារម្ភទេ! គេរៀនចេះវិជ្ជាការពារខ្លួនរួចអស់ហើយ”

និយាយពីប្រើសកំលោះវិញ គេខំតាំងស្មារតីនឹងន ព្រមទាំងគិតរកវិធីរំដោះខ្លួនពីអន្ទាក់ព្រាន ដោយធ្វើពុតជាស្លាប់។ លុះពេលព្រានព្រៃមកដល់ ឃើញប្រើសដេកស្តូកដូច្នោះក៏គិតថាប្រើសនេះស្លាប់ទៅហើយ ទើបគេស្រាយចំណងចេញ ហើយដើរទៅរកមែកឈើមកចងដើម្បីសែងប្រើសយកទៅផ្ទះ។ កូនប្រើសកាលបើឃើញនាយព្រានចេញទៅឆ្ងាយហើយ វាក៏ស្ទុះក្រោករត់សំដៅទៅក្នុងព្រៃភ្លាមមួយរំពេច។

កាលក្រោយមក កូនប្រើសកើតជាភិក្ខុរាហុល នាងប្រើសគឺនាង ឧប្បុល វណ្ណា ឯស្តេចប្រើសគឺអង្គតថាគត។

 

អ្នកដែលតាំងចិត្តរៀនសូត្រជាប្រចាំ

តែងនាំជីវិតទៅរកភាពគង់វង្ស និងរីកចម្រើន។

 

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៣៦ គឹម ចាន់ណា)

Leave a Reply

Your email address will not be published.