ជាដំបូង ការសង្កេត និងការតាមដានព្រឹត្តិការណ៍តម្រូវឱ្យមានអ្នកមានព្យាយាម និងខិតខំប្រឹងប្រែងយ៉ាងដិតដល់បំផុត។ តែពេលក្រោយមក កិច្ចការទាំងអស់នេះនឹងក្លាយទៅជាទម្លាប់រហូតដល់ក្លាយទៅជាជំនាញដ៏មានតម្លៃសម្រាប់អ្នក។
នៅក្នុងការធ្វើពាណិជ្ជកម្ម ប្រសិនបើអ្នកបានឃើញការផ្សាយពាណិជ្ជកម្មដ៏លេចធ្លោមួយ ចូរទាញយកគំនិតនោះមកកែឆ្នៃឱ្យក្លាយទៅជាស្ទីលផ្សាយពសណិជ្ជកម្មដ៏ល្អឥតខ្ចោះមួយរបស់ខ្លួន។ ពេលចូលទិញរបស់របរក្នុងហាង ចូរចាប់យកគំនិត និងរបៀបលក់ដូររបស់គេជាបទពិសោធន៍ពិសេសសម្រាប់ហាងរបស់ខ្លួន ក៏ដូចជាការចាប់ផ្តើមប្រកបរបរនេះឡើងនៅថ្ងៃមុខ។ វាគ្មានចំណុចសំខាន់អ្វីដែលត្រូវនឹកគិតបង្កើតអ្វីដែលក្នុងលោកនេះមានរួចជាស្រេចហើយនោះឡើយ។ ប្រសិនបើមានយុទ្ធសាស្រ្តដែលមានប្រសិទ្ធិភាពរួចជាស្រេចទៅហើយ អ្នកគួរតែ ចំណាយពេលស្វះស្វែងរកយុទ្ធសាស្រ្តទាំងនោះហើយសាកល្បងប្រើទៅមើល។
នៅក្នុងការការពារខ្លួន នៅពេលដែលអ្នកបានទស្សនាភាពយន្តអ្នកគួរកត់ត្រាពីរបៀបដោះស្រាយបញ្ហា និងការដោះខ្លួនចេញពីភាពអាសន្ន។ ពេលនោះ សូម្បីតែដើរតាមផ្លូវដ៏ប្លែកមួយក៏អ្នកកត់សំគាល់ហើយមានការប្រុងប្រយ័ត្នខ្ពស់ដែរ។
មួយវិញទៀត ចំពោះការនិយាយមុខសាធារណជន ចូរស្តាប់ និងកត់ទុករបស់និយាយរបស់ក្រុមមនុស្សខ្ពង់ខ្ពស់ និងមានអំណាច។ ពេលនិយាយ ចូររក្សាភាពស្ងប់ស្ងាត់។ គិតហើយ គិតទៀតមុនពេលនិយាយ ហើយបើនិយាយ គួរនិយាយឱ្យបានច្បាស់ៗ និងតែមួយលើកបានហើយ។ ម្យ៉ាងវិញទៀត ចូរធ្វើជាមនុស្សដែលពូកែស្តាប់ផង។ នៅពេលដែលអ្នកកំពុងតែពិភាក្សា ចូរមើលឱ្យចំគូរភាគីនោះ ហើយជៀសវាងប្រការនិយាយកាត់គេ។ ចូរស្វែងយល់អំពីភាសាកាយវិការជាបន្ថែម។ បើសិនជាអ្នកត្រង់ត្រាប់ដោយប្រុងប្រយ័ត្ននោះ ភាគីដទៃពិតជាចូលចិត្តអ្នក។ ការមិនផ្តោត ការចាប់អារម្មណ៍លើភាគីម្ខាងទៀតនឹងកាត់បន្ថយនូវតម្លៃរបស់អ្នក។ ជំនឿជឿជាក់លើចិត្ត និងកាយរបស់អ្នកនឹងបង្កើតភាពទាក់ទាញលើអ្នកកាន់តែខ្លាំងឡើង។
អាស្រ័យហេតុនេះ ចូរតាមដានព្រឹត្តិការណ៍ គឺធ្វើយ៉ាងណាតាមឱ្យទាន់សភាពការណ៍ និងតាមរយៈការសាកសួរអ្នកដទៃ អានការសែត ទស្សនាវដ្តី និងមើលពត៌មានជាដើម។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៨៥ដោយៈ ជុំ សមវាសនា)