មនុស្សម្នាក់ៗតែងត្រូវការពេលវេលាដ៏ស្ងប់ស្ងាត់របស់ខ្លួន នៅពេលដែលពួកគេចង់ប្រមូលអារម្មណ៍ឱ្យបានល្អ។ ការគិតគូររកពេលវេលាដ៏ស្ងប់ស្ងាត់ នេះមិនមែនជាគំនិតរវើរវាយនោះទេ។ យើងអាចទទួលបានពេលវេលាស្ងប់ស្ងាត់ដ៏មានសេចក្តីសុខតាមវិធីច្រើនយ៉ាង។ វាអាចជារបៀបបុរាណ ឬក៏របៀបខ្ពង់ខ្ពស់ ឬក៏អាចជាការដើរកំសាន្ត ការដាំដំណាំក្នុងសួន ការឆុងតែញ៉ាំមួយពែងដោយខ្លួនឯង ឬក៏ងូតទឹកក្តៅ ដោយប្រើរយៈពេលយូរ។ បើសិនជាអ្នកអាចសូត្រធម៌បានគឺកាន់តែប្រសើរ។ ជារៀងរាល់ថ្ងៃអ្នកគួរតែសម្រាក ឱ្យបានប្រមាណជា២០នាទី ដើម្បីស្វែងយល់ពីខ្លួនឯងឡើងវិញ ហើយរីករាយនឹងអ្វីៗដែលខ្លួនមាន ពិចារណាលើអ្វីដែលខ្លួនបានធ្វើរួចហើយ បញ្ហាពេលបច្ចុប្បន្ន និងអនាគតកាល។ ចូរបន្ធូរភាពតានតឹង និងលំហែកាយរហូតទាល់តែអុ្នកមានអារម្មណ៍ជ្រះថ្លា និងថ្មីស្រឡាង។ ភាពស្ងប់ស្ងាត់នឹងផ្តល់ថាមពល ដ៏ពេញលេញដល់អ្នកឡើងវិញ។ អ្នកនឹងមានអារម្មណ៍ប្លែកចិត្តក្នុងការដែលមានអនុសម្បជ្ជញ្ញៈរបស់ខ្លួនឯង ដែលបានបញ្ចេញគំនិតល្អៗច្រើនមកដោយពុំចាំបាច់ព្យាយាមគិតអ្វីសោះឡើយនោះ។ នេះជាចំណុច ពិសេសដែលអាចជួយឱ្យអ្នកដោះស្រាយបញ្ហាលំបាកៗមានប្រសិទ្ធិភាពជាងឱកាសផ្សេងៗទៀត។
ដូចនេះពេលវេលាដែលអ្នកចំណាយលើការធ្វើលំហាត់ប្រាណនឹងជួយពង្រឹងខាងផ្នែករាងកាយ ចំណែកឯភាពស្ងប់ស្ងាត់ នឹងជួយពង្រឹងខាងផ្នែកស្មារតី។ ម្យ៉ាទៀតភាពស្ងប់ស្ងាត់នេះក៏ជាឱកាសមួយជួយឱ្យអ្នកចេះគិតតែពីបញ្ហាខ្លួនឯង មិនជ្រៀតជ្រែករឿងរបស់អ្នកដទៃ។ ចូរដកដង្ហើមឱ្យបានវែងមួយៗ ហើយឱ្យបានថេរ។ ក្រឡេកមើលជុំវិញខ្លួនហើយប្រើគ្រប់វិញ្ញាណទាំងអស់នោះអ្នកនឹងឃើញនូវសុភមង្គលក្នុងភាពស្ងប់ស្ងាត់ក្នុងចិត្តនោះហើយ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥៩ ដោយៈ ជុំ សមវាសនា)