រត់ផ្លូវកាត់

ផ្លូវកាត់នឹងនាំឱ្យដល់ភាពមាំមួននៃសុខភាពផ្លូវកាយ។ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណពី៣ ទៅ៤ ដង ក្នុងមួយសប្តាហ៍ នៅក្នុងរយៈប្រមាណពី ៣ ទៅ៤ ខែ អ្នកនឹងទទួលបាននូវរាងកាយដ៏មាំមួន និងសង្ហាទៀតផង។ នេះគឺជាផ្លូវកាត់ ដែលនាំឱ្យទៅដល់ភាពជោគជ័យមួយដែលគួរឱ្យចាប់អារម្មណ៍។

ក្នុងការធ្វើជំនួញ ផ្លូវកាត់នឹងនាំអ្នកឈានឱ្យដល់ភាពស្តុកស្តម្ភផ្នែកទ្រព្យសម្បត្តិ។ ប្រសិនបើអ្នកផ្តល់សេវា ឬលក់ផលិតផលដែលមានគុណភាពល្អ ហើយអ្នកឱ្យតម្លៃអតិថិជនដោយមិនរើសអើង បូកផ្សំជាមួយឆន្ទៈកែលម្អឥតឈប់ឈរឱ្យកាន់តែប្រសើរឡើងទៀតនោះ អ្នកនឹងទទួលបានផលចំណូលដែលសមល្មមនឹងឈប់គិតបារម្ភពីជីវភាពតទៅទៀត។ នេះជាផ្លូវកាត់ដែលនាំឱ្យដល់ភាពជោគជ័យមួយដែលគួរឱ្យចាប់អារម្មណ៍ផងដែរ។

ផ្លូវកាត់នឹងនាំអ្នកដល់ការបង្កើតសម្ព័ន្ធភាពដ៏រឹងមាំ។ ប្រសិនបើអ្នកញញឹម ស្តាប់ និងប្រកាន់ចិត្តសប្បុរសទៅកាន់ក្រុមគ្រួសាររបស់អ្នក ទៅកាន់បុគ្គលិករបស់អ្នក និងទៅកាន់សាធារណៈជនទូទៅនោះនឹងទទួលបានការស្រឡាញ់ចូលចិត្តពីមនុស្សស្ទើរគ្រប់រូបទាំងអស់។ ប្រសិនបើអ្នកប្រកាន់អត្តចរិតសុភាពរាបសារ ចិត្តគោរពប្រណិបត្តិ នោះអ្នកប្រាកដជាទទួលបានការស្វាគមន៍គ្រប់ទីកន្លែងទាំងអស់។  នេះគឺជាផ្លូវកាត់ដែលនាំទៅដល់ជោគជ័យមួយ ដ៏គួរឱ្យចាប់អារម្មណ៍។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៦៦ ដោយៈ ជុំ សមវាសនា)

Leave a Reply

Your email address will not be published.