ពិធីចែកអាហារូបករណ៍លើកទី៥ ឆ្នាំ២០១៤

នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០១៤ សម្ព័ន្ធសមណ​និស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីចែកអាហារូបករណ៍ ដល់សមណនិស្សិត និងនិស្សិតក្រីក្រលើកទី៥ បានចំនួន ១៨ អង្គនិងនាក់។ នៅការិយាល័យកណ្តាលកុដិ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះ-គ្រូសូត្រស្តាំវត្តបទុមវតី។ សមាសភាពចូលរួមមានព្រះមេគណរាជធានីភ្នំពេញ ​ ក្រុមប្រឹក្សា- ភិបាល ព្រះប្រធានគណៈកម្មការនាយក ប្រធានការិយាល័យនានា ប្រធានតំណាងតំបន់នានា សមាជិក សមាជិកា សប្បុរសជន ក្រុមអ្នកសារ-ព័ត៌មាន វិទ្យុសំឡេងកម្ពុជាក្រោម ដែលមានអ្នកស្រី កៀង សាខន  មកពីទីក្រុងឡុងប៊ិច រដ្ឋកាលី-ហ្វកញ៉ា សហរដ្ឋអាមេរិកចូលជាភ្ញៀវកិត្តិយសផងដែរ និងមានកូនសិស្សនៅកុដិ១៧ វត្តបទុមវតីនិងមកពីកុដិ១៣វត្តមហាមន្រ្តី វត្តអង្គពោធិ-ញ្ញាណកុដិ៤៦ វត្តឧណ្ណាលោម សរុបទាំងអស់ជិត១០០អង្គ/នាក់។ ពិធីនេះចាប់ផ្តើមពីម៉ោង ៨:០០ដល់ម៉ោង ១០:៣០នាទីព្រឹក ដឹកនាំពិធីដោយព្រះតេជព្រះគុណ ជី វណ្ណាត  ទីប្រឹក្សា និងអតីតជាអគ្គលេខាធិការ នៃសម្ព័ន្ធសមណនិស្សិត-និស្សិត ខ្មែរកម្ពុជាក្រោមអាណត្តិទី៣ ព្រះអង្គបានដឹកនាំកម្មវិធីជាហូរហែ ទៅតាមរបៀបវារៈដែលបានកំណត់ទុក ក្នុងនោះព្រះប្រធាន យឿង តារា បានធ្វើរបាយការណ៍សង្ខេបពីការផ្ដល់អាហារូបករណ៍ ដល់សមណនិស្សិត និងនិស្សិតទាំងនៅក្នុងនិងក្រៅប្រទេស។ ព្រះអង្គក៏បានលើកឡើងពីការបញ្ជូនសមណនិស្សិតទៅសិក្សានៅបរទេស រួមមានបញ្ជូនទៅសិក្សានៅប្រទេសថៃ តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៤នេះ បាន៨លើកជាបន្តបន្ទាប់ សរុបចំនួន៨០អង្គ និងឆ្នាំ២០១២បញ្ជូនទៅប្រទេសឥណ្ឌា១អង្គ ចំណែកការផ្តល់នូវអាហារូបករណ៍ នៅព្រះរាជាណាចក្រកម្ពុជាវិញ បានចំនួន៥លើក ជាបន្តបន្ទាប់ផងដែរ គឺចាប់តាំងពីឆ្នាំ ២០១០ដល់ឆ្នាំ២០១៤នេះ សរុបទាំងអស់បាន៧០អង្គនិងនាក់ ក្រៅពីការផ្ដល់អាហារូបករណ៍នោះ ព្រះអង្គបានលើកឡើងថា នៅពេលប្រារព្ធពិធីចែកអាហារូបករណ៍ម្ដងៗ បានជូនគ្រឿងសិក្ខូប-ករណ៍ដល់សិស្សានុសិស្សជាកូនចៅខ្មែរកម្ពុជាក្រោម ដែលស្នាក់នៅតាមវត្តជាមួយព្រះសង្ឃ និងមកតាមឪពុកម្ដាយមករកស៊ីនៅភ្នំពេញផង។ មុននឹងបញ្ចប់របាយការណ៍ ព្រះប្រធានតាងនាម ឱ្យសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានថ្លែងអំណរព្រះគុណ និងអរគុណសប្បុរសជនទាំងអស់នៅក្នុង និងក្រៅប្រទេស និងបានធ្វើការអំពាវនាវដល់ម្ចាស់ជំនួយទាំងអស់ ឲ្យបន្តជួយ  អាហារូបករណ៍នេះបន្តទៅទៀតនៅឆ្នាំខាងមុខ។

លោក  កៃ ចាន់សុធា  ប្រធានការិយាល័យសិក្សា បានប្រកាសឈ្មោះបេក្ខជនទាំង ១៨ អង្គនិងនាក់ដែលត្រូវបានទទួល អាហារូបករណ៍គឺៈ

១.ព្រះតេជព្រះគុណ ពេជ្រ ប៊ុនថន

២.ព្រះតេជព្រះគុណ ថាច់  ឡុងសារៈ

៣.ព្រះតេជព្រះគុណ សួន វ៉ាំងគា

៤.ព្រះតេជព្រះគុណ ត្រឹង  ដង

៥.ព្រះតេជព្រះគុណ ថាច់  ថាវរី

៦.ព្រះតេជព្រះគុណ ហា សំអាង

៧.ព្រះតេជព្រះគុណ រិន្ទ ភិរម្យ

៨.ព្រះតេជព្រះគុណ សោណ ធារី

៩.ព្រះតេជព្រះគុណ មាស វិចិត្រ

១០.ព្រះតេជព្រះគុណ កៅ ហាយ

១១.ព្រះតេជព្រះគុណ ជា ឆលីហៀង

១២.ព្រះតេជព្រះគុណ ថើស វិល័យ

១៣.ព្រះតេជព្រះគុណ ឡុង សារ៉ន

១៤.ព្រះតេជព្រះគុណ សួន សូនី

១៥.ប្អូន ថាច់ សុភក្តិ

១៦.​ ប្អូន ស៊ុំ ចន្ទតារារិទ្ធ

១៧.កញ្ញា កៀង  សុចន្ធី

១៨.កញ្ញា លី ស្រីនាថ

ព្រះតេជព្រះគុណ ពៅ សុកឿ  ហេរញ្ញិក បានអានឈ្មោះសប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេសដែលបានឧបត្ថម្ភជាអាហារូបករណ៍ និងជួយទ្រទ្រង់ដល់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា​ក្រោមឆ្នាំ២០១៤ ដោយព្រះអង្គលើកឡើងថា ប្រាក់ដែលបានមកពីសប្បុរសជននោះ គឺបានចាត់ចែង និងបញ្ជូនព្រះសង្ឃជាសមណនិស្សិតទៅបន្តការសិក្សានៅប្រទេសថៃបាន៩អង្គ និងបានផ្តល់អាហារូបករណ៍នៅស្រុកខ្មែរបាន១៨អង្គនិងនាក់ ព្រមទាំងបាននៅសល់ប្រាក់មួយចំណែកសម្រាប់ធ្វើការបន្តទៅមុខទៀត។ លោក  សួគ៌ វិបុល  ក្រុមទ្រទ្រង់ និងអតីតជាអនុប្រធានទី១ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម អាណត្តិទី២ បានធ្វើការចំណាប់អារម្មណ៍តំណាង ឲ្យសប្បុរសជនដោយបានលើកឡើងថា លោកសប្បាយរីករាយណាស់ ដែលបានឃើញសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រៀបចំពិធីចែកអាហារូបករណ៍ឆ្នាំនេះបានច្រើនអង្គ/នាក់ ក្នុងនាមលោកជាអ្នកឧបត្ថម្ភអាហារូបករណ៍ម្នាក់ផងដែរនោះ លោកសំដែងនូវក្ដីសង្ឃឹមថាទាំងសមណនិស្សិត និងនិស្សិតដែលបានទទួលអាហារូបករណ៍នៅពេលនេះ នឹងខិតខំសិក្សារៀនសូត្រឱ្យបានល្អ ហើយលោកបានតាំងចិត្តបន្តឧបត្ថម្ភ ជាបន្តទៀតទៅអនាគត។ ព្រះតេជព្រះគុណ ថាច់ ឡុងសារៈ  អតីតជាប្រធានសម្ព័ន្ធសមណនិស្សិតខ្មែរកម្ពុជាក្រោមប្រចាំនៅប្រទេសថៃ បច្ចុប្បន្នជាសមណនិស្សិត កំពុងសិក្សានៅប្រទេសឥណ្ឌា ហើយក៏ជាបេក្ខជនទទួលអាហារូបករណ៍ ២ ឆ្នាំ បន្តបន្ទាប់ផងដែរនោះ ព្រះអង្គបានធ្វើការចំណាប់អារម្មណ៍ និងតំណាងសមណនិស្សិត និងនិស្សិត ដែលទទួលអាហារូបករណ៍ទាំងអស់អង្គ/នាក់ ព្រះអង្គបានមានសង្ឃដីកាសំដែងការរីករាយសប្បាយ ចិត្តណាស់ ដោយព្រះអង្គបានទួលអាហារូបករណ៍ ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម២ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៣ និងឆ្នាំនេះ ព្រះអង្គថ្លែងបន្តទៀតថា អាហារូបករណ៍នេះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ព្រះអង្គ ដែលកំពុងសិក្សានៅប្រទេសឥណ្ឌា ហើយមានការខ្វះខាត ព្រោះវាបានជួយដោះស្រាយបញ្ហាបង់ថ្លៃសិក្សា របស់ព្រះអង្គបានច្រើន ទោះជាមិនបានមួយរយភាគរយក៏ដោយ  ហើយព្រះអង្គបានប្ដេជ្ញាចិត្តថានឹងខិតខំសិក្សាឲ្យបានល្អ និងធ្វើខ្លួនឲ្យក្លាយជាមនុស្សល្អ ជាកូនល្អ ជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គមជាតិ មិនឲ្យម្ចាស់ឧបត្ថម្ភសប្បុរសជនខកចិត្តឡើយ ជាចុងក្រោយព្រះអង្គបានថ្លែងអំណរគុណដល់សប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេសដែលបានប្រគេន និងជូនអាហារូបករណ៍នេះ។ លោក សឺន សែត តំណាងក្រុមប្រឹក្សាភិបាល ធ្វើការចំណាប់អារម្មណ៍ថា លោកសប្បាយចិត្តណាស់ ដែលឃើញគណៈកម្មការគ្រប់ជាន់ថ្នាក់ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម  បានខិតខំបំពេញការងារ ជាពិសេសបានស្វែង រកអាហារូបកណ៍បានច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ហើយបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សជាមួយសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជា-ក្រោម។ ព្រះអធិបតីព្រះញាណវង្ស  ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្ដាំវត្តបទុមវតី បានធ្វើការចំណាប់អារម្មណ៍ថា ព្រះអង្គមានព្រះទ័យរីករាយដែលបាននិមន្តចូលរួមក្នុងកម្មវិធីនេះ ហើយព្រះអង្គសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានធ្វើការរួមគ្នា ចេះជួយគ្នាបានល្អ ជាពិសេសបានខិតខំស្វែងរកនូវអាហារូបករណ៍ដ៏ច្រើនជួយដល់ សមណនិស្សិត និស្សិត និងសិស្សានុសិស្សក្រីក្រ ដែលកំពុងសិក្សារៀនសូត្រ។ ព្រះអង្គបានផ្ដល់ឱវាទដល់ថ្នាក់ដឹកនាំ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងសមណនិស្សិត និងនិស្សិត បានទទួលអាហារូបករណ៍ ព្រមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានល្អ និងត្រូវចេះសាមគ្គីគ្នាឲ្យកាន់តែខ្លាំងទៀត ដើម្បីកសាងសង្គមជាតិយើងឲ្យបានរីកចម្រើនដូចសម័យមហានគរ ជាចុងក្រោយ ព្រះអង្គក៏បានកោតសរសើរនិងប្រគេនជូនពរ ដល់ម្ចាស់ឧបត្ថម្ភអាហារូបករណ៍ ទាំងអស់ឱ្យជួបតែសេចក្តីសុខចម្រើន និងឈ្នះសត្រូវគ្រប់ទិសទី ព្រមទាំងបានអំពាវនាវដល់ព្រះសង្ឃ និងសប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេសបន្តជួយឧបត្ថម្ភអាហារូបករណ៍ ដល់ព្រះ-សង្ឃ និងនិស្សិតតាមរយៈសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមតទៅទៀត។ ព្រះអង្គក៏បានចូលរួមឧបត្ថម្ភអាហារូបករណ៍ ចំពោះព្រះអង្គ  ថាច់  ឡុងសារៈ ទៅសិក្សានៅប្រទេសឥណ្ឌាចំនួន២០០ដុល្លារ និងសម្រាប់ជួយទ្រទ្រង់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ចំនួន ៣០០ដុល្លារ ព្រមទាំងជូនដល់ប្អូនៗជាសិស្សានុ សិស្ស ដែលបានទទួលសម្ភារៈសិក្សាម្នាក់ៗ ១ ម៉ឺនរៀលផងដែរ។ របៀបវារៈចុងក្រោយនៃកម្មវិធី   គឺគណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រគេនវត្ថុអនុស្សាវរីយ៍ ដល់ព្រះអធិបតី វត្ថុអនុស្សាវរីយយ៍នោះ គឺរូបថតដើមឈើទាលមួយដើម ដោយមានសរសេរអក្សរថា  “ដើមឈើទាល ឧកញ៉ា សឺន គុយ នៅភូមិ    ក្រសាំង  សង្កាត់ទី៧ ទីរួមខេត្តព្រះត្រពាំងកម្ពុជាក្រោម” បើតាមប្រវត្តិសាស្រ្ត ដើមឈើទាលនេះបានដាំនៅដើម សតវត្សរ៍ទី១៩ ដោយ ឧកញ៉ា  សឺន គុយ ចៅហ្វាយខេត្តព្រះត្រពាំង ដោយមានហេតុអស្ចារ្យរបស់ដើមឈើទាលនោះ គឺដាំច្រាស់ចុង (ដាំយកចុងចុះក្រោមគល់ឡើងលើ) ហើយលោកបានផ្សងថា ប្រសិនបើ «ដើមឈើទាលនោះរស់ ជាតិខ្មែរនិងព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជា ក្រោមនៅរស់ដែរ» ហើយដើមឈើទាលក៏បាន នៅរស់ដល់សព្វថ្ងៃនេះឯង និងបានជូនប័ណ្ណអំណរគុណ ដល់សប្បុរសជនដែលបានឧបត្ថម្ភអាហារូបករណ៍ រួចព្រះអធិបតីផ្ដើមសូត្រធម៌ផ្សាយមេត្តាដល់សព្វសត្វជាកិច្ចបញ្ចប់កម្មវិធី។ ក្រោយពេលបញ្ចប់កម្មវិធី គណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក៏បានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ និងអ្នកចូលរួមផងដែរ ហើយបច្ច័យសម្រាប់ការរៀបចំចង្ហាន់នេះបានមក ពីព្រឹទ្ធាចារ្យ  ចៅ រាប  ប្រធានសភាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋវ៉ាស៊ិនតោនសហរដ្ឋអាមេរិកចំនួន២០០ដុល្លារ៕

ដោយៈ UKKBS

 

Leave a Reply

Your email address will not be published.