
មាលុតជាតក
កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន មានភិក្ខុពីរអង្គមានឈ្មោះថា កាឡត្ថេរៈ និង ជុណ្ហត្ថេរៈ ដែលទើបតែបួសនៅវ័យចំណាស់ទៅហើយ បានមកឈ្លោះប្រកែកគ្នាអំពី រឿងពេលវេលានៃរដូវរងា ពេលនោះព្រះអង្គក៏លើកជាតកមកតំណាលថា ៖
កាលកន្លងទៅ មានរាជសីហ៍ និងខ្លាធំមួយជាមិត្តសម្លាញ់នឹងគ្នា ដែលអាស្រ័យក្នុងគុហានៅជិតភ្នំមួយ។ ថ្ងៃមួយសត្វទាំងពីរមានកើតរឿងឈ្លោះប្រកែកគ្នាថា តើរដូវរងាមកដល់នៅពេលណា ?
ពេលនោះ ខ្លាធំក៏ឆ្លើយថា …
“រដូវរងាមកដល់នៅពេលកាឡបក្សៈ (ខាងខ្នើត)”
ឯរាជសីហ៍ ក៏ប្រកែកទៅវិញ
“ មកដល់នៅពេលជុណ្ហបក្សៈ (ខាងរនោច) ”
សត្វទាំងពីរប្រកែកគ្នាអស់ពេលដ៏យូរ នៅតែមិនត្រូវគ្នា ទើបនឹកឃើញទៅដល់តាឥសីម្នាក់ដែលគង់នៅជិតភ្នំក្បែរនោះ ពួកវាទាំងពីរក៏នាំគ្នាទៅរកតាឥសីឲ្យគាត់ជួយកាត់សេចក្តីឲ្យ។ តថាគតដែលកើតជាតាឥសី ពេលបានស្គាល់សេចក្តីរៀបរាប់របស់សត្វទាំងពីររួច ក៏បកស្រាយថា ៖
“ចម្លើយរបស់ពួកឯងទាំងពីរ មិនមានមួយណាត្រូវនោះទេ ព្រោះភាពរងាកើតឡើងនៅពេលមានខ្យល់បក់ ហើយបើខ្យល់បក់មកពីទិសខាងណា គឺវាផ្តើមរងាពីទិសនោះហើយ … ការប្រកែកគ្នាយកតែពីឈ្នះដោយអារម្មណ៍ដូច្នេះ គឺបានត្រឹមតែធ្វើឲ្យចាញ់ទាំងសង្ខាងប៉ុណ្ណោះ”
កាលក្រោយមក ខ្លាធំបានកើតជាភិក្ខុ កាឡត្ថេរៈ រីឯរាជសីហ៍កើតជា ជុណ្ហត្ថេរៈ តាបសគឺអង្គតថាគត។
គួរប្រើហេតុផលក្នុងការកាត់ក្តី ឬវិនិច្ឆ័យរឿងអ្វីមួយ
ប្រសើរជាងការប្រកែកគ្នាដោយគ្មានហេតុផល។
(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតកភាគ ១ ទំព័រ ៣៨ គឹម ចាន់ណា)