ភាពទាន់សម័យនៃសករាជថ្មីនេះ អាចធ្វើឱ្យជីវិតរបស់អ្នកក្លាយទៅជាទន់ជ្រាយបាន។ អ្នកអាចចាប់ផ្តើមជឿជាក់ថាបរិស្ថានទំនើបនេះអាចបង្ហាញឱ្យដឹងថាអ្នកអាចធ្វើអ្វីបានត្រឹមកំរិតណាមួយប៉ុណ្ណោះ ឬក៏ថាការខិតខំប្រឹងប្រែងព្យាយាមរបស់ពុំមានតម្លៃអ្វីសោះឡើយ។ ទេ! កុំគិតដូចនោះឱ្យសោះ។ ត្រូវពុះពារឡើង អ្នកត្រូវតែចាប់ផ្តើមកិរិយា និងអារម្មណ៍វិជ្ជមានសម្រាប់ជីវិតរបស់អ្នក ហើយត្រូវប្រកាន់ខ្ជាប់នូវអារម្មណ៍ទាំងនេះជារៀងរាល់ថ្ងៃរហូតទៅ។ អ្នកមិនចាំបាច់ រងចាំរហូតដល់មាននរណាម្នាក់មកប្រាប់ឱ្យអ្នកឈប់ញ៉ាំបារីនោះទេ។ បើថ្ងៃនេះអ្នកញ៉ាំបារីអស់មួយកញ្ចប់ ស្អែកឡើងគួរបន្ថយឱ្យនៅត្រឹមតែ១៨ដើម ថ្ងៃបន្ទាប់ទៀតនៅសល់ត្រឹមតែ១៧ដើមបានហើយ។ នេះជាដំណើរទៅរកភាពប្រសើរជានិច្ចរបស់អ្នកហើយ ។ បើសិនជាអ្នកមិនដែលហាត់ប្រាណទេ ចូរចាប់ផ្តើមហាត់ចាប់ពីការដើរជុំវិញផ្ទះខ្លួនឯងឡើងទៅ។ ប្រសិនបើអ្នកជាមនុស្សអៀនប្រៀន ចូរព្យាយាមកែប្រែចាប់ពីនិយាយថា “អរគុណ ឬសួស្តី” ទៅមនុស្សថ្មីៗ ចំនួនប្រាំនាក់ឡើងទៅក្នុងមួយថ្ងៃ។
អ្នកស្គាល់ខ្លួនឯងច្បាស់ជាងគេបង្អស់ មានតែអ្នកខ្លួនឯងទេដែលដឹងថាអ្វីត្រូវតែកែប្រតែឱ្យប្រសើរឡើងសម្រាប់ខ្លួនឯង។ អ្នកមិនចាំបាច់ឱ្យអ្នកណាម្នាក់មកឃាត់អ្នកមិនឱ្យលោតពីលើអាគារប្រាំជាន់ទេ ចុះហេតុអ្វីអ្នកត្រូវចាំឱ្យគេមកហាមឃាត់មិនឱ្យអ្នកប្រព្រឹត្តគ្រឿងញៀន ឬប្រាប់ឱ្យគេហាត់ប្រាណឱ្យបានច្រើន ញ៉ាំឱ្យចេះប្រមាណ ជជែកលេងជាមួយកូនៗ ឬក៏ស្ងើចសរសើរបុគ្គលិកក្រោមបង្គាប់។ អ្នកប្រាកដជា ដឹងថាត្រូវធ្វើយ៉ាងណាហើយមែនទេ?
ចូររក្សាភាពរីកចម្រើនទៅមុខនេះ។ គ្មានអ្នកណាម្នាក់ហ៊ានថាអ្នកបរាជ័យឡើយ លុះត្រាតែអ្នកបណ្តោយខ្លួនឱ្យបរាជ័យពិតប្រាកដមែននោះ។ ចូរព្យាយាមប្រតិបត្តិបន្តិចម្តងៗរហូតឈានដល់គោលដៅរបស់អ្នក។ ពុះពាររហូតដល់មានការពេញចិត្តនឹងលទ្ធផលរបស់ខ្លួនឯងជារៀងរាល់ថ្ងៃ។ ការផ្លាស់ប្តូរលើកនេះ អាចកែប្រែជីវិតរបស់អ្នករហូតទៅ។ ជាមួយការតស៊ូព្យាយាមឥតរាថយរបស់អ្នក នៅសល់តែពេលវេលាមួយគត់ ដែលនៅចន្លោះអ្នក និងគោលដៅរបស់អ្នក។ មានន័យថា ពុំមានអ្វីជាឧបស័គ្គដល់ការសម្រេចគោលដៅរបស់អ្នកក្រៅតែពីពេលវេលាមួយមុខទេ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៤៦)