ប្រកាន់ខ្ជាប់នូវចិត្តសប្បុរសធម៌

តាមរយៈការប្រតិបត្តិតាម “គោលការណ៍សកម្ម” នេះ អ្នកនឹងទទួលបានផលលើសពីអ្វីដែលចង់បានទៅទៀត។ អ្នកនឹងមានកម្លាំងចិត្តពុះពារនឹងការងារលំបាកៗឆ្ពោះទៅគោលដៅរបស់អ្នក ហើយអ្នកទទួលបានការពេញចិត្ត និងចូលចិត្តពីមនុស្សគ្រប់ៗរូប។ គ្រាន់តែគុណប្រយោជន៍ទាំងពីរខាងលើនេះ អ្នកហាក់ដូចជាមានអ្វីៗលើសគេទៅហើយ។ សមត្ថភាពនៃការរៀបចំគ្រោងការដ៏ពូកែរបស់អ្នកនឹងផ្តល់លទ្ធភាពឱ្យអ្នកគ្រប់គ្រងពេលវេលាបានល្អជាងគេគ្រប់ៗគ្នា។ ការតស៊ូ និងការប្តេជ្ញាចិត្តរបស់អ្នកនឹងផ្តល់ផលត្រឡប់មកវិញនូវរង្វាន់ជាប្រាក់កាសទ្រព្យធនបានច្រើនជាងគេឯទៀត។ តែអ្នកចាំបាច់ត្រូវចេះស្វែងរកឱ្យបានជាមុនសិន ទើបអ្នកអាចធ្វើការបរិច្ចាគ និងចែករំលែកឱ្យអ្នកដទៃបាន។ ដូចនេះ បន្ទាប់ពីទទួលបានគ្រប់គ្រាន់ហើយ អ្នកគួរតែចែករំលែកពេលវេលា និងប្រាក់កាសតាមគ្រប់វិធីទាំងអស់ ដូចជាការផ្ញើផ្កាជូនមិត្តភក្តិ ការសរសេរសំបុត្រ សារអេឡិកត្រូនិច (Email) និងការជូនពរញាតិ មិត្តភក្តិ និងសារលិខិតថ្លែងអំណរគុណខ្លីៗ។ ទន្ទឹមពេលគ្នានេះដែរ ប្រសិនបើអ្នកបង្កលក្ខណៈឱ្យកាន់តែសប្បាយរីករាយ តាមរយៈការនិយាយរឿងកំប្លែង ការរំលឹកពីខួបកំណើតនៃពិធីសំខាន់ផ្សេងៗទៀត ក៏កាន់តែពិសេសទៅទៀត។  ចំណុចទាំងអស់នេះ សុទ្ធតែបង្ហាញពីសន្តានចិត្តសប្បុរសរបស់អ្នកហើយ ប៉ុន្តែចូរកុំសោកស្តាយឱ្យសោះក្រោយពីបានបរិច្ចាគរួចហើយនោះ។

គួរចែករំលែកពេលវេលា និងទ្រព្យធនខ្លះៗជាមួយអ្នកដទៃព្រោះថាវាជាទង្វើត្រឹមត្រូវមួយ។ ដើម្បីធ្វើខ្លួនវៀរលែងពីអត្តទត្ថភាព ការចាប់យកចិត្តចែករំលែក ភាពសប្បុរស ចិត្តល្អជ្រះថ្លា និងចរិយាធម៌ ជា​ប្រការដែលត្រូវប្រកាន់ខ្ជាប់ជាជាងប្រការដែលមើលឃើញតែប្រាក់ និងផលចំណូលតូចមួយមុខនោះ។ កាលណាអ្នកចែករំលែកកាន់តែច្រើន អ្នកកាន់តែទទួលបានផលមកវិញកាន់តែច្រើនដែរ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩១ដោយៈ ជុំ សមវាសនា)

 

 

Leave a Reply

Your email address will not be published.