បែងចែកការងារឱ្យបានច្បាស់លាស់

• ចំណុចចម្បងដែលមាននៅក្នុងចិត្តមនុស្សជោគជ័យ គឺថាពួកគេផ្តោតការយកចិត្តទុកដាក់លើគោលដៅការងារច្បាស់លាស់ និងលទ្ធផលភ្លាមៗនៃការងារនោះ។ ចូរបែងចែកប្រភេទការងារឱ្យបានដាច់ស្រឡះសំខាន់ដាក់ដោយសំខាន់ បន្ទាន់នៅជាមួយបន្ទាន់ តាមលំដាប់ហើយកំណត់ពេលឱ្យបានសមស្របសម្រាប់ការងារនីមួយៗ។ បំបែកការងារធំមួយ ឱ្យក្លាយជាការងារតូចៗ តាមលំដាប់ងាយរបស់វាហើយសឹមចាប់ផ្តើមធ្វើ។ ដំបូងអ្នកពុំបាច់ខ្វាយខ្វល់ថាតើការងារនីមួយៗ នោះនឹងសម្រេចបានយ៉ាងណានោះខ្លាំងពេកទេ។ តាមរយៈការប្តេជ្ញា ការស្រាវជ្រាវ និងការអំណត់អត់ធ្មត់ អ្នកនឹងមើលឃើញនូវមធ្យោបាយ។ ពេលនោះហើយជាពេលដែលអ្នកដឹងបានថា តើអ្នកសម្រេចការងារទាំងនោះបានដោយរបៀបណា គឺថាគោលដៅរបស់អ្នកសម្រេចបានតាមលំដាប់លំដោយនៃការងាររបស់វា គឺវាស្ថិតនៅលើការចេះបែងចែកការងារនេះឯង។
• ដូចនេះក្នុងដំណាក់កាលបន្ទាប់ទៅនេះ ចូរបែងចែកតម្លៃ ឬសារៈសំខាន់នៃការងារប្រចាំថ្ងៃរបស់ខ្លួន បើមិនដូច្នេះទេ ការងារទាំងអស់នឹងមានតម្លៃស្មើៗគ្នា ដែលជាហេតុនាំឱ្យអ្នកមិនអាចដឹងបានថាត្រូវផ្តើមធ្វើការងារមួយណាមុននោះឡើយ។ ចំណុចថាការងារមួយសម្រេច ឬក៏អត់នោះមិនចោទជាបញ្ហាអ្វីឡើយ។ ចង់ដឹងថាការងារនីមួយៗ របស់អ្នកមានសារៈសំខាន់ប៉ុណ្ណានោះ អ្នកត្រូវកំណត់ប្រយោជន៍របស់វាឱ្យបានច្បាស់លាស់។ វិធីដ៏ល្អបំផុត គឺត្រូវកត់ត្រាអ្វីដែលត្រូវធ្វើជាប្រចាំថ្ងៃ បន្ទាប់មកកំណត់ថា ត្រូវធ្វើមួយណាមុនគេ។ ក្នុងចំណោមការងារប្រចាំថ្ងៃទាំងអស់នេះ គួរជ្រើសការងារមួយធ្វើជាការងារចម្បងជាងគេ និងលំបាកបំផុតដែលត្រូវរំលឹក និងធ្វើឱ្យបានសម្រេចក្នុងថ្ងៃនេះ។ បន្ទាប់ពីបានសម្រេចការងារទាំងអស់នោះចប់អស់ហើយ អ្នកអាចសំរាកបានយ៉ាងមានសុភមង្គលលើគំនរអារម្មណ៍នៃភាពជោគជ័យ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី០២)

Leave a Reply

Your email address will not be published.