បុណ្យផ្កាប្រាក់សាមគ្គី ឆ្នាំ២០១៦

នៅថ្ងៃ ៦កើត ខែផល្គុន ព.ស.២៥៥៩ ត្រូវនិងថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០១៦      សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីលើក ទីប្រាំពីរដើម្បីប្រមូលបច្ច័យរៀបចំឯកសារ និងជួយដោះស្រាយមធ្យោបាយផ្សេងៗក្នុងគោល បំណងបញ្ជូនសមណនិស្សិតចំនួន ១០ អង្គ ទៅបន្តការសិក្សានៅប្រទេសថៃ និងផ្តល់នូវ អាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រចំនួន ៣៤អង្គ/នាក់ នៅព្រះរាជាណា ចក្រកម្ពុជាតាមគម្រោងនាឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពព្រះប្រធាន សឺន សុផារិន្ទ នៅការិយាល័យកណ្តាលកុដិលេខ ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

កម្មពិធីបុណ្យនេះ បានផ្ដើមឡើងដោយគណៈកម្មការ សមាជិក សមាជិកានៃសម្ព័ន្ធ សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងមានការចូលរួមពីព្រះសង្ឃនានាវត្ត នៅទីក្រុង ភ្នំពេញ ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន សរុបប្រមាណជាង៣០០អង្គនិងរូប។ ពិធីបុណ្យ បានប្រព្រឹត្តទៅពេញមួយថ្ងៃ។ ពេលព្រឹក និងថ្ងៃត្រង់ មានវេរភត្តប្រគេនព្រះសង្ឃ ដើម្បី ឧទ្ទិសកុសលជូនបុព្វការីជនគ្រប់ជំនាន់ ដែលបានបូជាកាយ ថ្វាយជីវិតចំពោះជាតិមាតុភូមិ។ ពេលល្ងាចគឺជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ និងធ្វើសាសននិយមកិច្ចតាមផ្លូវព្រះពុទ្ធសាសនា ជាពិសេសនោះ បាននិមន្តធម្មកថិកពីរព្រះអង្គសំដែងធម៌ទេសនាគ្រែពីរទៀតផង។ ក្នុងកិច្ច នេះដែរ ព្រះអង្គប្រធានបានសំដែងសុន្ទរកថា ស្វាគមន៍ភ្ញៀវកិត្តិយស និងធ្វើរបាយការណ៍ អំពីសកម្មភាពការងារ  រួចថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ     បងៗ ប្អូនៗនិស្សិត   និងសិស្សា នុសិស្ស ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានលះបង់នូវ ពេលវេលាមកជួយខ្នះខ្នែងតាំងពីមុនបុណ្យរហូតដល់ឆ្លងបុណ្យ ព្រមទាំងសំដែងនូវការសាទរ និងកោតសរសើរដល់ការចូលរួមឧបត្ថម្ភគាំទ្រ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គណៈកម្មការបុណ្យ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។ ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយព្រះអង្គបានលើក ឡើងអំពីចំណុចសំខាន់ៗមួយចំនួនទៀត ពីសកម្មភាពនៃសមាគមតាំងពីកកើតរហូតមក ដល់អាណត្តិទី៥នាបច្ចុប្បន្ននេះ ជាពិសេសនោះ ព្រះអង្គបានលើកពីផែនការនៅឆ្នាំ ២០១៦ នេះ ក្នុងនោះព្រះអង្គក៏បានមានសង្ឃដីកាបញ្ជាក់ ពីគោលបំណងនៃបុណ្យនេះថា គឺធ្វើដើម្បី បានបច្ច័យយកមកជួយដល់ព្រះសង្ឃនិងនិស្សិតក្រីក្រ ដែលកំពុងសិក្សានៅព្រះរាជាណា ចក្រកម្ពុជា និងបញ្ជូនព្រះសង្ឃទៅសិក្សានៅប្រទេសថៃជាអាទិ៍ និងជួយធ្វើលិខិតឆ្លងដែន បកប្រែឯកសារផ្សេងៗ សុំទិដ្ឋាការពីស្ថានទូតថៃប្រចាំនៅកម្ពុជា ហើយបញ្ជូនសមណ និស្សិតទៅដល់ប្រទេសថៃតែម្ដងផង។ ព្រះអង្គក៏បានបញ្ជាក់បន្ថែមទៀតថា មកដល់ ពេលនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនព្រះសង្ឃទៅសិក្សា នៅប្រទេសថៃចាប់ពីឆ្នាំ២០០៧ មកដល់បច្ចុប្បន្ននេះ សរុបបានចំនួន ៨៩ អង្គ។ ចំណែកនៅ ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ បានប្រគេន និងជូនអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្របាន៦ឆ្នាំជាបន្តបន្ទាប់ផងដែរ ចាប់ពីឆ្នាំ២០១០មករហូតដល់បច្ចុប្បន្ននេះ សរុបសមណនិស្សិតននិងនិស្សិតទាំងអស់បានចំនួន ៩៤ អង្គនិងនាក់។

ដោយៈ ភិក្ខុ ¬ឥន្ទជោតោ

Leave a Reply

Your email address will not be published.