ចូរប្រកាន់នូវទឹកចិត្តរីករាយ នៅពេលដែលអ្នកចង់ផ្តល់ចំណេះដឹងឱ្យអ្នកដទៃ ពេលនោះពួកគេនឹងធ្វើតាមអ្នកដូចគ្នានេះដែរ។ នៅក្នុងការធ្វើពាណិជ្ជកម្មលក់ដូរទំនិញក៏ដូចគ្នាដែរ ចូរលក់ទំនិញ និងសេវាដោយទឹកចិត្តរីករាយ និងការពេញចិត្ត នោះអង្គភាពអាជីវកម្មរបស់អ្នកនឹងរីកចម្រើន។ ចូរប្រកាន់ចិត្តថា គ្រប់គ្នាទាំងអស់រាប់ទាំងសិស្ស និយោជិត និងអតិថិជន ទាំងអស់សុទ្ធតែមានឋានៈស្មើគ្នាទាំងអស់ ដោយសំអាងទៅលើការពិត។ ចូរជៀសវាងប្រការបង្រៀនម្នាក់នេះផ្សេង ហើយបង្ហាត់អ្នកនោះផ្សឹងឱ្យសោះ។ ចូរនិយាយត្រង់ៗចំពោះមុខហើយជៀសវាងប្រការនិយាយបញ្ឆិតបញ្ឆៀងឱ្យសោះ។
ចូរធ្វើយ៉ាងណាឱ្យគ្រប់គ្នាដែលអ្នកបានស្គាល់មានអារម្មណ៍ថា ខ្លួនគេមានសារៈសំខាន់។ អ្នកពុំគួរចូលចិត្តអ្នកនេះ ហើយស្អប់អ្នកនោះឡើយ។ ប្រសិនបើអ្នកធ្វើបែបនោះ អ្នកនឹងត្រូវបានគេចាត់ទុកថាជាមនុស្សធ្វើពុត ហើយមនុស្សធ្វើពុតបែបនេះមិនទទួលបានការជឿទុកចិត្តទេ មិនថានៅក្នុងកិច្ចការអ្វីឡើយ។
នៅពេលដែលអ្នកនិយាយប្រាស្រ័យទាក់ទងនឹងអ្នកដទៃ អ្នកគួរតែបន្ទាបខ្លួនឱ្យមកស្មើនឹងគេនោះដែរ។ ក្នុងការនិយាយប្រាស្រ័យទាក់ទងគ្នា ចូរស្តាប់ដោយអំណត់ និងផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។ ប្រការនិយាយកាត់ និងអាកប្បកិរិយាមិនសមរម្យគួរជៀសវាង។ ចូរសំឡឹងឱ្យចំគូរភាគីជជែក ញញឹមព្រមជាមួយនឹងការងក់ក្បាលជាសញ្ញានៃការលើកទឹកចិត្ត។ ចូរកុំព្យាយាមកាត់ប្រសាសន៍អ្នកដទៃជំនួសដោយរឿងល្អដែលខ្លួនមាន។
មនុស្សទាំងអស់ចូលចិត្តចូលរួមក្នុងការងារដែលខ្លួនបានជួយរៀបចំ និងគ្រោងឡើង។ ដូចនេះបើអាច គួរជួយឱ្យអ្នកដទៃបានរៀន និងបង្កើនសមត្ថភាពរបស់ពួកគេផង។ ប្រការដ៏សំខាន់មួយ គឺគួរសរសើរឱ្យបានលឿនបំផុត ចំណែកឯការបង្អាប់បន្តុះគួរទុកចាំក្រោយចុះ។ បើមានឱកាសគួរជួយបង្ហាត់បង្ហាញពីតម្លៃនៃ “គោលការណ៍សកម្ម” ដល់ពួកគេបានយល់។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩០ដោយៈ ជុំ សមវាសនា)