ទំនួញស្រះគូ

ស្រះអឺយស្រះស្រីល្បីច្រើនរយឆ្នាំ

ដូនតាផ្តែផ្តាំកេរកោះជាតិខ្មែរ
ស្នាដៃស្ត្រីពូជពង្សពូកែ

លើកហើយធួនថែតខ្សែសាវតារ ។

មិនដែលរីងសោះទោះមេឃធ្លាប់រាំង

ទាំងវស្សាប្រាំងពេញដោយគង្គា
ផ្កាឈូករីករះជះក្លិនគន្ធា

ទីខ្មែរជួបគ្នានារាល់បុណ្យទាន ។

ឥឡូវហេតុអ្វីត្រីត្រូវចាប់អស់

ស្រះបាត់សម្រស់មនុស្សម្នារុករាន
ទឹករីងដីស្ងួតខ្មែរស្រយុតប្រាណ

កេរកោះបុរាណបាត់ន័យខ្លឹមសារ ។

ស្រះគូយំស្រែកសូរបែកអាកាស

យំឲ្យខ្មែរខ្មាសត្រូវគិតយ៉ាងណា
មិនអាចបណ្តោយឲ្យកេរដូនតា

រងទុកខ្លោចផ្សាក្លាយជាស្រះដី ។

ប្រផ្នូលមេបាប្រស្នាចំហរ

កូនចៅបន្តត្រូវតែឃ្មាតខ្មី
ទទួលខុសត្រូវការពារស្រះស្រី

រួមគ្នាសាមគ្គីថែកេរជាតិយើង ៕​

ដោយ សឺង សម្រេច

ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៦

 

Leave a Reply

Your email address will not be published.