ការត្រៀមលក្ខណៈក្នុងការពុះពារឱ្យបានជោគជ័យ ទាំងខាងផ្នែករាងកាយ ទាំងផ្នែកគំនិត គឺជាប្រការដែលអ្នកត្រូវប្រកាន់ខ្ជាប់ជានិច្ច។ ការប្រកែកទាស់ទែងពាក្យសំដីគ្នា ឬការវាយតប់គ្នា និងបញ្ហាផ្សេងៗអាចកើតឡើងចំពោះអ្នកដោយមិនអាចដឹងមុនឡើយ។ អ្នកអាចយកការ ហែលទឹក ការរត់ ការឡើងដើមឈើ ឬក៏ការដើរ ធ្វើជាការហាត់ប្រាណរបស់ខ្លួនដើម្បីរក្សាសុខភាព ព្រោះវាអាចជួយការពារកុំឱ្យអ្នកមានរបួសស្នាមដោយងាយ និងអាចជួយកាត់បន្ថយភាពតាន់តឹង (Stress) ក្នុងចិត្តហើយពេលធ្វើការងារផ្សេងៗអ្នកមិនងាយនឿយហត់ឡើយ។
ប្រសិនបើអ្នកចង់បានរូបរាងស្លីម (ស្គម) ជាងនេះ ចូរចាប់ផ្តើមបញ្ចេញកាឡូរីឱ្យបានច្រើនជាងការទទួលយក ពេលនោះអ្នកនឹងចុះទម្ងន់ជាមិនខាន។ ដើម្បីឱ្យមានសុខភាពកាន់តែល្អប្រសើរឡើង អ្នកគួរញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើនជាងមុន ហើយញ៉ាំទឹកឱ្យច្រើន។ ប្រសិនបើអ្នកចង់ឱ្យបេះដូងរបស់អ្នកខ្លាំង អ្នកគួរហាត់ប្រាណដោយប្រើកម្លាំងខ្លាំងៗឱ្យបាន២០នាទីក្នុងមួយថ្ងៃ និងរៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកចង់បានរាងសមស្អាត ចូរហាត់ប្រាណប្រភេទលើកទម្ងន់ឱ្យបាន៣០នាទីក្នុងមួយថ្ងៃ និង៣ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកមិនចាំបាច់ត្រូវមានឧបករណ៍ទំនើបសម្រាប់ហាត់ប្រាណឡើយ ហើយក៏មិនចាំបាច់ប្រើពេលវេលាឯណាច្រើនដែរដើម្បីបានសុខភាពល្អនោះ។ អ្វីដែលអ្នកត្រូវការនោះ គឺត្រឹមតែឆន្ទៈ និងការតស៊ូតែប៉ុណ្ណោះ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥៣ ដោយៈ ជុំ សមវាសនា)