ចែករំលែកគុណូបការៈ

ប្រសិនបើអ្នកប្រមូលផ្តុំគ្នាជាក្រុមមួយហើយធ្វើការសំអាតសួនសាធារណៈ ចូរធានាយ៉ាងណាឱ្យគ្រប់ៗគ្នានៅក្នុងក្រុមទទួលបាននូវសណ្តានចិត្តថ្លែងអំណរគុណពីរដ្ឋាភិបាល និងពីប្រជាជនស្មើៗគ្នា។ ប្រសិនបើក្រុមកីឡារបស់អ្នកទទួលបានជ័យជម្នះក្នុងការប្រកួត ចូរធ្វើយ៉ាងណាឱ្យគ្រប់ៗគ្នាទទួលបានរង្វាន់ ការលើកទឹកចិត្ត និងបានបង្ហាញពីទឹកចិត្តសប្បាយរីករាយប្រកបដោយមោទនៈស្មើៗគ្នា។ ប្រសិនបើក្រុមអ្នកលក់ផលិតផលរបស់អ្នកលក់បានបរិមាណតាមកំណត់ ឬក៏ផ្នែកអតិថិជនបានដោះស្រាយបញ្ហាធំៗមួយជាមួយអតិថិជនបានជោគជ័យ គួរផ្តល់រង្វាន់ជាទីគាប់ចិត្តដល់ពួកគេគ្រប់ៗគ្នាដែលបានសម្រេចកិច្ចការដ៏វិសេសវិសាលមួយសម្រាប់អង្គភាព។

ក្នុងនាមជាអ្នកដឹកនាំ សមិទ្ធិផលធំៗទាំងឡាយរបស់អ្នកគួរតែជាសមិទ្ធិផលដែលមើលឃើញថា ជាផលសម្រេចជោគជ័យរបស់បុគ្គលិកក្រោមបង្គាប់គ្រប់ៗគ្នា។ អាស្រ័យហេតុនេះ ចូរចែករំលែកនូវគុណប្រយោជន៍ និងគុណូបការៈ បទពិសោធន៍ ដែលខ្លួនទទួលបានឱ្យដល់សហការី “គ្រប់ៗគ្នា”។ អ្នកស្គាល់ខ្លួនឯងច្បាស់រួចហើយ ចូរទុកឱកាសឱ្យសហការី ក៏ដូចជាអ្នកក្រោមបង្គាប់ផ្សេងៗទៀតបានអបអរសាទរនូវជោគជ័យរួមដែលក្រុមខ្លួនសម្រេចបានផង។ ហើយទន្ទឹមនឹងនោះដែរ គួរលើកទឹកចិត្តដោយផ្ទាល់ថែមទៀតដល់ពួកគេ លើកទឹកចិត្តដល់កិច្ចសហការដ៏ស្អិតរមួតនៅក្នុងក្រុម។ ជាលទ្ធផលអ្នកនឹងក្លាយជាមនុស្សដែលមានសុទ្ធតែមិត្តដ៏ច្រើន គ្មានសត្រូវឡើយ។

(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៩២ដោយៈ ជុំ សមវាសនា)

 

Leave a Reply

Your email address will not be published.