វាជាប្រការមួយប្រសើរណាស់ បើសិនជាអ្នកមានវិធីសាស្ត្រពិសេសជាក់លាក់ណាមួយសម្រាប់ចង្អុលបង្ហាញផ្លូវក្នុងការធ្វើដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នកនោះ។ ប៉ុន្តែសោកស្តាយណាស់វាពុំមានសោះឡើយ។ ប៉ុន្តែសម្រាប់អ្នក អ្នកចេះកែឆ្នៃរកវិធីសាស្ត្រមួយសម្រាប់ខ្លួនឯងពីបទពិសោធន៍របស់ខ្លួន និងការស្វែងយល់ពីបទពិសោធន៍របស់អ្នកដទៃ ហើយសំយោគបទពិសោធន៍ទាំងនោះ ដើម្បីរកផ្លូវល្អបំផុតមួយ។ ទន្ទឹមនឹងនោះដែរ ដើម្បីរកឱ្យឃើញនូវចម្លើយដែលល្អបំផុតនោះ អ្នកត្រូវតែស្វែងយល់ពីបរិយាកាសខាងក្រៅឱ្យបានច្រើន។
ប្រសិនបើអ្នកមានជំនាញខាងគូរប្លង់ដោយប្រើម៉ាស៊ីនកុំព្យូទ័រ អ្នកអាចបែរជាប្រើដៃជំនួសវិញទៅ។ ប្រសិនបើមន្ទីរពេទ្យដៃគូរប្រកួតប្រជែងរបស់អ្នក តំរូវឱ្យភ្ញៀវរងចាំច្រើនម៉ោងតាមលំដាប់ដោយលេខរៀងមុននឹងចូលពិនិត្យនោះ អ្នកត្រូវតែចេះបត់បែនរកវិធីសាស្ត្រដែលល្អជាងនេះ។
ប្រសិនបើអ្នកមិនអាចសិក្សាមហាវិទ្យាល័យពេញម៉ោងបានទេ ប្រហែលជាអ្នកអាចរៀនពេលល្ងាច ឬក៏របៀបការផ្តល់ឯកសារមេរៀនដល់ផ្ទះវិញក៏បាន ឬតាមប្រព័ន្ធព័ត៌មានវិទ្យាគឺតាមប្រព័ន្ធ Internet និង Email ក៏បាន។ ប្រសិនបើអ្នកមានចិត្តស្ទាក់ស្ទើរក្នុងការចាប់ផ្តើមមុខជំនួញថ្មីអ្នកអាចពិចារណាលើការទិញក្រុមហ៊ុនដែលមានស្រាប់ ឬក៏ទិញសាខាណារបស់ក្រុមហ៊ុនធំមួយក៏បាន។ ប្រសិនបើអ្នកមិនអាចហាត់ប្រាណបានដោយជាប់រវល់ជាមួយកូន តូចៗ ចូរសាកល្បងយកកូនៗរបស់អ្នកហាត់ដើរជាមួយអ្នកទៅ យ៉ាងម៉េចដែរ?។ កុំលះបង់កិច្ចការដែលត្រូវធ្វើចោលឱ្យសោះ។ ជួនពេលខ្លះ អ្នកត្រូវតែចេះលៃលកការងារ និងពេលវេលាភ្លាមៗ ហើយត្រូវតែមានគំនិតឆ្នៃប្រឌិតខ្ពស់។ លះបង់ឈប់ធ្វើការងារមួយ ឬក៏ការមិនព្យាយាម គឺមិនមែនជាជំរើសដ៏ល្អបំផុតឡើយ។
(ដកស្រង់ចេញពីសៀវភៅ គោលការណ៍សកម្មទាំង ១០០ប្រការ ដើម្បីជោគជ័យ ទំព័រទី៥០ ដោយៈ ជុំ សមវាសនា)