គាមណិកុមារ

គាមណិជាតក

          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្ត ជេតវ័ន ព្រះអង្គសម្តែងជាតក ដើម្បីទូន្មានភិក្ខុដែលលះបង់ដែលលះបង់ការព្យាយាមមួយអង្គ ឲ្យ ឃើញប្រយោជន៍នៃព្រហ្មចរិយៈ ថា ៖

កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តនៃក្រុងពារាណសី ទ្រង់មាន ព្រះអង្គមានព្រះរាជបុត្រទាំងអស់ ១០០ ព្រះអង្គ។ កាលគ្រានោះ តថាគតកើតជាព្រះរាជបុត្រមានព្រះនាម “គាមណិកុមារ” និងមានទំនាយពីព្រះបច្ចេកពុទ្ធ ជាព្រះរាជគ្រូថា បើព្រះអង្គយាងឲ្យដល់នគរ តក្កសិលា ក្នុងរយៈពេលតែ ៧ថ្ងៃ ទ្រង់នឹងបានឡើងគ្រងរាជ្យនៅក្នុងនគរនោះជាមិនខាន។ ប៉ុន្តែនៅតាមផ្លូវធ្វើដំណើរទៅនគរនោះមានយក្ខិនីមួយនឹងកាឡាខ្លួន ដើម្បីបោកបញ្ឆោតដោយឧបាយកល និងជន្លព្រះរាជកុមារដោយកិលេសផ្សេង ៗ ដើម្បីចាប់យកទៅធ្វើជាអាហារ។

លុះពេលធ្វើដំណើរទៅ អ្វី ៗ ដូចជាព្រះគ្រូបច្ចេកពុទ្ធ ទាយទុកដូច្នោះមែន។ តែព្រះរាជបុត្រទ្រង់ប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមធម៌ព្រហ្មចរិយៈ និងស្តាប់តាមដំបូន្មានគ្រូយ៉ាងម៉ឹងម៉ាត់ ទើបទ្រង់អាចគេចផុតពីឧបាយកលរបស់នាងយក្សបាន ហើយក៏ធ្វើដំណើរទៅដល់ក្រុង តក្កសីលា ក្នុងរយៈពេល ៧ថ្ងៃ និងបានសោយរាជ្យជាព្រះរាជានៅនគរនោះទៅ ព្រោះតែព្រះរាជាអង្គមុនបានចាញ់បោកនាងយក្សដែលដេញតាមព្រះរាជកុមារមក ហើយបានក្លាយជាចំណីរបស់វាទៅនោះ។

ពេលបានឡើងសោយរាជ្យហើយ គាមណិកុមារ ក៏មានព្រះបន្ទូលថា “ទោះបីយើងមានបងប្អូនទៅដល់ ១០០ អង្គ ប៉ុន្តែ យើងគឺជាអង្គដំបូងដែលបានឡើងគ្រងរាជ្យមុនព្រះជេដ្ឋាទាំងអស់នោះព្រោះយើងប្រកាន់ខ្ជាប់ខ្ជួនតាមធម៌ព្រហ្មចរិយៈមិនឈ្លក់វង្វេងនឹងកិលេសទាំងឡាយ និងព្រមស្តាប់តាមពាក្យទូន្មានរបស់លោកគ្រូ” ។

កាលក្រោយមក គាមណិកុមារ ក៏បានទៅកើតជាតថាគត។

 

បុគ្គលដែលជាបណ្ឌិត

តែងគោរពតាមការទូន្មានរបស់គ្រូបាអាចារ្យ។

 

(ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងជាតក ភាគ ១ ទំព័រ ២០ គឹម ចាន់ណា)

Leave a Reply

Your email address will not be published.