គណៈប្រតិភូសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និមន្តទៅសួរសុខទុក្ខសមណនិស្សិតខ្មែរក្រោមសិក្សានៅប្រទេសថៃ ឆ្នាំ២០១៤

នេះជាលើកទី២បន្ទាប់ពីឆ្នាំ២០១៣ ដែលគណៈកម្មការនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បាននិមន្តទៅសួរសុខទុក្ខសមណនិស្សិតខ្មែរក្រោមកំពុងសិក្សានៅប្រទេសថៃ ការធ្វើដំណើរទៅឆ្នាំនេះចាប់ពីថ្ងៃសៅរ៍ ទី២១រហូតដល់ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដឹកនាំដោយព្រះប្រធាន យឿង តារា ព្រមទាំងសហការី៥ព្រះអង្គទៀតគឺៈ ភិក្ខុ កៀង សនប្រសិទ្ធ អគ្គលេខាធិការ, ភិក្ខុ ថង ស៊ុនថៃ លេខាធិការ, ភិក្ខុ ពៅ សុកឿ  ហេរញ្ញឹក, ភិក្ខុ ថាច់ សាង ប្រធានការិយាល័យសន្តិសុខ និងភិក្ខុ  រិន្ទ ភិរម្យ អនុប្រធានការិយា-  ល័យវប្បធម៌ បានធ្វើដំណើរតាមរថយន្តក្រុងចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅទីក្រុងបាងកកប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការនិមន្តទៅកាលពីឆ្នាំ២០១៣ យើងបានបើកកិច្ចប្រជុំជាមួយសមណនិស្សិតនៅទីនោះបានបីកន្លែង គឺនៅសាកលវិទ្យាល័យមហាចូឡាឡុងកន រាជវិទ្យាល័យខេត្តអាយុធ្យា, វត្តសិរីដនឆៃខេត្តឈៀងម៉ៃនិងវត្តទេពសុរិន្ទ ខេត្តសុរិន្ទ។ ដោយឡែកឆ្នាំនេះយើងបានបើកកិច្ចប្រជុំជាមួយសមណនិស្សិតខ្មែរក្រោមបានពីរកន្លែងគឺនៅសាកលវិទ្យាល័យមហាចូឡាឡុងករណ៍រាជវិទ្យាល័យ ខេត្តអាយុធ្យា និងវត្តស៊ីប្រះឌូ ទីរួមខេត្តឧប៊ុន។ ការរៀបចំកិច្ចប្រជុំនៅសាកលវិទ្យាល័យមហាចូឡាឡុងកន រាជវិទ្យា-ល័យនោះ យើងបានសហការជាមួយគណៈកម្មការ នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅថៃ ដឹកនាំដោយព្រះប្រធាន សឺន សុ- វណ្ណខេមរា និងគណៈកម្មការមូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទវៀតណាមខាងត្បូង ដឹកនាំដោយព្រះ ប្រធាន ត្រឹង វ៉ាំងដង កម្មវិធីប្រព្រឹត្តទៅចាប់ពីម៉ោង ១២កន្លះរហូតដល់ម៉ោង ៤កន្លះល្ងាច ថ្ងៃទី២៤ ខ្លឹមសារនៃកិច្ចប្រជុំនោះយើងបានបើកការជជែកគ្នាក្រោមប្រធានបទស្ដីអំពី “បញ្ហាប្រឈមក្នុងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោម នៅទីនោះ” ក្រោយពីការជជែកគ្នាហើយ អង្គប្រជុំបានរកឃើញបញ្ហាលំបាករបស់ព្រះសង្ឃឆ្នាំនេះ បញ្ហាព្រះសង្ឃ ដែលបានកាន់លិខិតឆ្លងដែនវៀត ណាម ប៉ុន្តែនិមន្តទៅសិក្សាតាមរយៈសម្ព័ន្ធសមណ និស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅភ្នំពេញ កាលពីប៉ុន្មានឆ្នាំកន្លងហើយ យើងអាចសុំទិដ្ឋាការនៅស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបាន ប៉ុន្តែ ដោយស្ថានភាពនយោបាយនៅប្រទេសថៃមានការប្រែប្រួល គេតម្រូវឲ្យព្រះសង្ឃដែលកាន់លិខិតឆ្លងដែនវៀតណាម ត្រូវទៅសុំទិដ្ឋាការនៅស្ថានកុងស៊ុលថៃប្រចាំនៅព្រៃនគរវិញ បានគេអនុញ្ញាតឲ្យ ដូច្នេះសមណនិស្សិតយើងបញ្ជូនទៅសិក្សាឆ្នាំនេះមានការលំបាកច្រើន, ហើយក៏បានជជែកពីបញ្ហា ដែលសមាគមព្រះសង្ឃខ្មែរខេត្តព្រះត្រពាំង កម្ពុជាក្រោម ដែលធ្លាប់តែបញ្ជូនព្រះសង្ឃខ្មែរក្រោមទៅសិក្សានៅប្រទេសថៃ ជារៀងរាល់ឆ្នាំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែហេតុអ្វីបានជាពីមួយឆ្នាំទៅមួយឆ្នាំព្រះសង្ឃ ដែលចុះឈ្មោះដើម្បីទៅសិក្សាកាន់តែតិចទៅៗ រហូតដល់ឆ្នាំ២០១៤នេះ មិនមានព្រះសង្ឃចុះឈ្មោះទៅរៀនតែម្ដង? ក្រោយពីជជែកដេញដោលបានរកឃើញបញ្ហាថាបានជាព្រះសង្ឃខ្មែរក្រោម ចុះឈ្មោះទៅរៀននៅប្រទេសថៃ តាមរយៈសមាគមព្រះសង្ឃខ្មែរខេត្តព្រះត្រពាំងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែតិចទៅៗ រហូតដល់សូន្យនោះគឺ ដោយ- សារតែនៅសមាគមព្រះសង្ឃខ្មែរខេត្តព្រះត្រពាំង រដ្ឋាភិបាលវៀតណាមបានដាក់លក្ខខណ្ឌតម្រូវឲ្យព្រះសង្ឃខ្មែរក្រោមដែលចង់ទៅរៀននៅប្រទេសថៃ ត្រូវតែបំពេញបែបបទឯកសារដែលរដ្ឋកំណត់ឲ្យ និងក្រោយពេលបំពេញបែបបទរួចត្រូវផ្ញើឯកសារទាំងអស់ទៅរដ្ឋាភិបាលនៅមជ្ឈិម (ហាណូយ)ជាអ្នកសម្រេចថាឲ្យទៅរៀនឬមិនឲ្យ បែបបទដែលរដ្ឋាភិបាលវៀតណាមតម្រូវឲ្យបំពេញនោះមានឯកសារភាគច្រើនដែលមិនមែនជាតម្រូវការរបស់សាលានៅប្រទេសថៃឡើយ ព្រោះនៅសាលា គេមានលក្ខខណ្ឌឲ្យយើងមានសញ្ញាបត្រនិងព្រឹត្តបត្រពិន្ទុ វាគ្រប់គ្រាន់តាមតម្រូវការរបស់សាលាអាចចូលរៀនបាន និងវត្តស្នាក់នៅគេតម្រូវឲ្យមានឆាយា ចំណែកការធ្វើដំណើរឆ្លងដែនវិញ គេតម្រូវឲ្យយើងមានលិខិតឆ្លងដែននិងទិដ្ឋាការប៉ុណ្ណោះ ឯកសារក្រៅពីនេះមិនមែនជាតម្រូវការរបស់សាលាទេ។ ដូច្នេះបញ្ហារដ្ឋាភិបាលវៀតណាម ដាក់លក្ខខណ្ឌទៅសមាគមព្រះសង្ឃខ្មែរខេត្តព្រះត្រពាំង តម្រូវឲ្យព្រះសង្ឃបំពេញបែបបទខុសពីតម្រូវការរបស់សាលានៅថៃក្ដីនិងការរង់ចាំសេចក្ដីសម្រេចពីរដ្ឋាភិបាលហាណូយក្ដី ជាបញ្ហាធ្វើឲ្យព្រះសង្ឃ មានការលំបាកជាខ្លាំង ដែលត្រូវចំណាយថវិកាច្រើនទៀតផង ជាពិសេសនៅពេលដែលរដ្ឋចេះតែពន្យាពេលវេលាក្នុងការសម្រេចឲ្យទៅរៀន ដោយចេះតែសន្យាឲ្យព្រះសង្ឃរង់ចាំរហូតទៅមិនទាន់កាលបរិច្ឆេទកំណត់របស់សាលាគេចូលរៀនផុតទៅ ដូច្នេះត្រូវខកឆ្នាំសិក្សាហើយត្រូវរង់ចាំមួយឆ្នាំទៀតបានចូលរៀនបាន ជាក់ស្ដែងនៅឆ្នាំ២០១២កន្លងហើយ មានព្រះសង្ឃ ៥ អង្គ បានទៅចុះឈ្មោះទៅរៀនតាម     រយៈសមាគមព្រះសង្ឃខ្មែរខេត្តព្រះត្រពាំង ប៉ុន្តែនិមន្តទៅមិនទាន់ចូលរៀនត្រូវរង់ចាំមួយឆ្នាំ ទើបបានចូលរៀននៅឆ្នាំ២០១៣វិញ។​

ក្រៅពីបញ្ហាប្រឈមធំៗខាងលើ នៅមានបញ្ហាខ្វះខាតមួយចំនួនទៀតដែល ព្រះសង្ឃខ្មែរក្រោមយើងជួបប្រទះ ដូចជាបញ្ហាថ្លៃបង់សាលានិងរស់នៅប្រចាំថ្ងៃជាដើម ប៉ុន្តែបញ្ហាទាំងនោះអាច​ជួយគ្នាដោះស្រាយបាន វាមិនមែនជាបញ្ហាសំខាន់ដែលត្រូវចោទនោះទេ ព្រោះក្រៅពីដោះស្រាយបញ្ហាខ្លួនឯងរួច នៅមានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅថៃ និងមានមូលនិធិពុទ្ធិកសិក្សាខ្មែរថេរវាទវៀតណាមខាង-ត្បូង សម្រាប់ជួយមើលសុខទុក្ខនិងដោះស្រាយផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅសាកលវិទ្យាល័យមហាចូឡាឡុងកនរាជវិទ្យាល័យនោះ នៅ ម៉ោង៨យប់ថ្ងៃដដែលនោះដែរ គណៈកម្មការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមទាំងពី គឺ ទាំងនៅខ្មែរនិងនៅថៃចំនួន១១ព្រះអង្គ បានបន្តធ្វើដំណើរតាមរថយន្តឈ្នួលចេញពីសាកលវិទ្យា  ល័យមហាចូឡាឡុងកន រាជវិទ្យាល័យនោះឆ្ពោះទៅខេត្តឧប៊ុន ដើម្បីទៅសួរសុខទុក្ខសមណនិស្សិត កំពុងសិក្សានៅទីនោះ។ ក្រោយពីបានឆាន់ជុំគ្នានៅវត្តស៊ីប្រះឌូរួច យើងបានបើកកិច្ចប្រជុំចាប់ពីម៉ោង១២កន្លះរហូតដល់ម៉ោង៤កន្លះល្ងាច ក្នុង ព្រះវិហារវត្តនេះតែម្ដង ខ្លឹមសារនៃកិច្ចប្រជុំនោះមិនខុសគ្នាពីកិច្ចប្រជុំនៅអាយុធ្យានោះទេ គឺយើងបានជជែកគ្នាក្រោមប្រធានបទស្ដីអំពី “បញ្ហាប្រឈមក្នុងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅទីនោះ”។ ព្រះតេជព្រះគុណ សឺន ថឹង ប្រធានតំបន់ នៅទីនោះរាយការណ៍អំពីប្រវត្តិដែលព្រះសង្ឃខ្មែរក្រោមទៅសិក្សានៅទីតាំងពីឆ្នាំ២០០៩ ដល់បច្ចុប្បន្នសរុបចំនួន៣១ព្រះអង្គ ប៉ុន្តែបច្ចុប្បន្ននៅ១២អង្គ ដោយសមណនិស្សិតមួយចំនួន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងអង្គខ្លះនិមន្តទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅបាងកកនិងអង្គខ្លះទៀតបានលាចាកសិក្ខាបទស្វែងរកការងារធ្វើ ក្រោយពីការជជែកគ្នាឃើញមានបញ្ហាខ្វះខាតមួយចំនួនទៀត ដែលព្រះសង្ឃខ្មែរក្រោមយើងជួបប្រទះ ដូចជាបញ្ហាថ្លៃបង់សាលានិងការរស់នៅប្រចាំថ្ងៃជាដើម ប៉ុន្តែបញ្ហាទាំងនោះអាច​ជួយគ្នាដោះស្រាយបានមិនមែនជាបញ្ហាសំខាន់ដែលត្រូវចោទនោះទេ។

សូមបញ្ជាក់ថា ព្រះសង្ឃខ្មែរក្រោមដែលនិមន្តទៅសិក្សានៅប្រទេសថៃទាំងអស់ តាមរយៈសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅកម្ពុជាក្ដី តាមរយៈសមាគមព្រះសង្ឃខ្មែរខេត្តព្រះត្រពាំងក្ដី ក្រៅពីទទួលបានការជួយជ្រោម ជ្រែងសម្រួលឯកសារនិងឧបត្ថម្ភថវិកាខ្លះៗរបស់សមាគមនោះ គឺទាំងការសិក្សារៀនសូត្រនិងទាំងការរស់នៅត្រូវទីពឹងទៅលើការខិតខំខ្លួនឯងទាំងស្រុង មិនមែនទៅរៀន ដោយទទួលអាហារូបករណ៍ពី   រដ្ឋាភិបាលខ្មែរឬរដ្ឋាភិបាលវៀតណាមនោះទេ។t

ដោយៈ ភិក្ខុ រិន្ទ ភិរម្យ

 

 

Leave a Reply

Your email address will not be published.